អ្នកកាសែតប្រឆាំងសង្គ្រាមរុស្ស៊ី Marina Ovsyannikova ត្រូវបានអាជ្ញាធររុស្ស៊ីឃុំខ្លួនមួយរយៈខ្លីជាលើកទី២
- BY
- autoadmin
- July 18, 2022
អ្នកកាសែតជនជាតិរុស្ស៊ីម្នាក់ ដែលធ្លាប់បានតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីខែមីនា ត្រូវបានអាជ្ញាធររុស្ស៊ីចាប់ឃុំខ្លួនរយៈពេលខ្លី ខណៈឥឡូវនេះ គាត់ក៏ត្រូវបានគេដោះលែងវិញហើយដែរ។ បើតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកស្រី Marina Ovsyannikova បានឱ្យដឹងថា គាត់ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃអាទិត្យ។ ក្នុងនោះក៏មានការបង្ហោះរូបភាពរបស់អ្នកស្រី នៅពេលដែលប៉ូលីសចាប់ខ្លួនអ្នកកាសែតឯករាជ្យរូបនេះផងដែរ។ ការចាប់ខ្លួនរបស់គាត់បានធ្វើឡើង បន្ទាប់ពីអ្នកស្រី Ovsyannikova បានបង្ហោះរូបថតមួយសន្លឹក ដែលក្នុងនោះអ្នកស្រីបានកាន់បដាមួយសរសេរថា «វ្ល៉ាឌីមៀ ពូទីន គឺជាឃាតក» នៅក្បែរវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។

ប៉ុន្មានម៉ោងបន្ទាប់ពីការឃុំខ្លួនរបស់អ្នកស្រីកាលពីថ្ងៃអាទិត្យ គាត់បានបង្ហោះសារថា «គាត់បានមកផ្ទះវិញហើយ គាត់មិនកើតអ្វីទេ»។ រំលឹកដែរថា អ្នកស្រី Ovsyannikova ធ្លាប់បានឈរនៅក្របមុខសារព័ត៌មានជាច្រើន បន្ទាប់ពីគាត់បានកាន់បដាប្រឆាំងនឹងសង្គ្រាមនៅលើប៉ុស្ដិ៍ Russian First Channel។ គាត់ក៏ត្រូវបានដាក់ក្នុងមន្ទីរឃុំឃាំងជាបណ្ដោះអាសន្ន ហើយក្រោយមកក៏បានលាលែងពីតួនាទីចាស់។ ប្រព័ន្ធផ្សព្វផ្សាយបរទេសនិយាយថា បច្ចុប្បន្ននេះអ្នកស្រី Ovsyannikova បានក្លាយជាអ្នកឆ្លើយឆ្លងព័ត៌មានឯករាជ្យ និងកំពុងសរសេរអត្ថបទសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ Die Welt ។ គាត់ទើបតែបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញក្នុងខែនេះ ហើយក៏ត្រូវគេចាប់ខ្លួនឃុំមួយរយៈខ្លីម្ដងទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ DW
- Share This Post:






