អន្តរជាតិ

លោកវេជ្ជបណ្ឌិត Anthony Fauci នឹងចូលនិវត្តន៍នៅចុងអាណត្តិរបស់ប្រធានាធិបតី Joe Biden

BY
autoadmin
July 19, 2022

លោកវេជ្ជបណ្ឌិត Anthony Fauci ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រនៅសេតវិមានវ័យ ៨១ឆ្នាំ បានបញ្ជាក់ថា លោកនឹងចូលនិវត្តន៍នៅចុងបញ្ចប់ នៃអាណត្តិដំបូងរបស់ប្រធានាធិបតី Joe Biden ប៉ុន្តែវាអាចលឿនជាងនេះទៅទៀត នេះបើតាមអ្នកជំនាញខាងជំងឺឆ្លងបានប្រាប់ រ៉យទ័រ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ។ លោកបណ្ឌិត Fauci បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖«ខ្ញុំមិនប្រកាសពីការចូលនិវត្តន៍របស់ខ្ញុំទេ ប៉ុន្តែវាអាចទៅរួចគ្រប់ពេលចាប់ពីពេលនេះ។ ខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយ។»

គាត់បានក្លាយជានាយកវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លង (NIAID) តាំងពីឆ្នាំ១៩៨៤ ហើយនៅឆ្នាំ២០២០ បានក្លាយជាតំណាងនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។ នៅពេលគាត់ចាកចេញពីមុខងាររដ្ឋាភិបាល លោក Fauci បាននិយាយថា គាត់មិនមានចេតនាចង់ចូលនិវត្តន៍ទាំងស្រុងនោះទេ។ គាត់បាននិយាយថា៖«ខ្ញុំនឹងបន្តធ្វើការព្រោះខ្ញុំនៅតែមានកម្លាំង និងចំណង់ចំណូលចិត្តជាច្រើនអំពីសុខភាពសាធារណៈ និងសុខភាពសាធារណៈសកល»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: