សភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយ បង្ហាញពីការគាំទ្រដល់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ
- BY
- autoadmin
- July 19, 2022
សភាអាមេរិកបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃចន្ទ ដែលបង្ហាញពីការគាំទ្រដល់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូយ៉ាងពិតប្រាកដ ក្រោយរយៈពេល ២ខែ បន្ទាប់ពីប្រទេសក្នុងតំបន់ Nordic ទាំង ២ បានដាក់សំណើសុំចូលជាសមាជិកនឹងសម្ព័ន្ធមិត្តយោធាមួយនេះ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតក្នុងសំឡេង ៣៩៤ ទល់ ១៨ ដោយមានតែគណបក្សសាធារណរដ្ឋប៉ុណ្ណោះ ដែលបោះឆ្នោតប្រឆាំង។ ចំណែកគណបក្សប្រជាធិបតេយ្យ ២រូប និងគណបក្សសាធារណរដ្ឋ ១៧រូប មិនបានបោះឆ្នោតនោះទេ។

ការសម្រេចនោះ គឺជាការបង្ហាញការគាំទ្រចំពោះ «ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ» របស់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមជាមួយអង្គការណាតូ ហើយអំពាវនាវឱ្យរដ្ឋជាសមាជិកគាំទ្រជាផ្លូវការ ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពយោធាមួយនេះ។ វាក៏ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងណាមួយរបស់សហព័ន្ធរុស្ស៊ី ក្នុងការឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះការសម្រេចចិត្តរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលរួមសម្ព័ន្ធភាព និងជំរុញឱ្យសមាជិកណាតូ បំពេញការសន្យាចំណាយលើវិស័យការពារជាតិចំនួន ២% ដែលប្រទេសនានាបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូល Wales ឆ្នាំ២០១៤៕

អត្ថបទ៖ លីដា
ប្រភព៖ The Hill
- Share This Post:






