អន្តរជាតិ

លោក វ្ល៉ាឌីមៀ ពូទីន និងលោក រីជីព ថាយយីប អ៊ែរដូវ៉ាន់ នឹងជួបគ្នាដើម្បីពិភាក្សាអំពីការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន

BY
autoadmin
July 19, 2022

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងត្រូវជួបជាមួយសមភាគីទួរគីលោក រីជីព ថាយយីប អ៊ែរដូវ៉ាន់ (Recep Tayyip Erdogan) នៅថ្ងៃអង្គារ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។ កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលអ៊ុយក្រែន ដែលជាប្រទេសនាំចេញស្រូវសាលីធំជាងគេទី៥ របស់ពិភពលោក នៅតែមិនអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីកំពង់ផែភាគខាងត្បូងរបស់ខ្លួនឆ្លងកាត់សមុទ្រខ្មៅបាន ដោយសារតែការបិទផ្លូវរបស់រុស្ស៊ី។ កសិករ​អ៊ុយក្រែន​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ខណៈ​ពួក​គេ​ចាប់​ផ្ដើម​ប្រមូល​ផល​ស្រូវ​សាលី​រួច​ហើយ។

ប្រទេសទួរគី និងអង្គការសហប្រជាជាតិ កំពុងសម្រុះសម្រួលកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួយសម្រួលដល់ការបន្តការនាំចេញស្រូវសាលីរបស់អ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត ខណៈដែលការព្រួយបារម្ភអំពីវិបត្តិស្បៀងអាហារពិភពលោកកំពុងមានការកើនឡើង។ លោក ពូទីន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងជួបលោក អ៊ែរដូវ៉ាន់ ដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ កិច្ចប្រជុំនេះមានគោលបំណងជួយរុស្ស៊ី និងអ៊ុយក្រែន ឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីការនាំចេញគ្រាប់ធញ្ញជាតិ។

លោក ពូទីន ក៏មានគម្រោងជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) និងមេដឹកនាំកំពូល Ayatollah Ali Khamenei ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងធ្វើសន្និសីទអំពីការឆ្លើយតបរបស់ពួកគេចំពោះទណ្ឌកម្មសេដ្ឋកិច្ចដែលដាក់លើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដោយប្រទេសលោកខាងលិចផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: