អន្តរជាតិ

អាកាសយានដ្ឋានវៀតណាម សម្រេចផ្អាកការងារបុគ្គលិកត្រួតពិនិត្យអីវ៉ាន់ម្នាក់ ដោយសារប្រហែសឱ្យអ្នកដំណើរយកវត្ថុមួយនេះឡើងទៅលើយន្តហោះបាន

BY
autoadmin
July 21, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuay Jae បានឱ្យដឹងថា អ្នកគ្រប់គ្រងអាកាសយានដ្ឋាន Tan Son Nhat នៅក្នុងប្រទេសវៀតណាម បានសម្រេចផ្អាកការងារ បុគ្គលិកត្រួតពិនិត្យឥវ៉ាន់ម្នាក់ ដោយសារការធ្វេសប្រហែលក្នុងការត្រួតពិនិត្យវ៉ាលីអ្នកដំណើរ ធ្វើឱ្យអ្នកដំណើរអាចយកកាំបិទឡើងលើយន្តហោះបាន។

បើតាមលទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា អ្នក​ដំណើរ​ទាំង​ពីរ​នាក់​ជា​ស្ត្រី​ចំណាស់​ម្នាក់ និង​ប្តី​របស់​គាត់ ​បានដើរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខលេខ ៩ នៅចំណតក្នុងស្រុកនៅអាកាសយានដ្ឋាននៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា។ អ្នកទាំងពីរបានឡើងជិះយន្តហោះ VN 208 ពីទីក្រុងហូជីមិញទៅកាន់ទីក្រុងហាណូយ។

មុនពេលឡើងមន្ត្រី​ត្រួតពិនិត្យ​អីវ៉ាន់​ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​លេខ​៩ បាន​រក​ឃើញ​វត្ថុ​ដែក​មួយ​ចំនួន រួមទាំងទូរស័ព្ទដៃ និងនាឡិកាដៃ នៅ​ក្នុង​ឥវ៉ាន់​តាម​ខ្លួន​របស់​អ្នក​ដំណើរ​វ័យ​ចំណាស់​ពីរ​នាក់​នោះ តាម​រយៈ​អេក្រង់​ម៉ាស៊ីន​ស្កេន​ឥវ៉ាន់។ ក្រោយមកត្រូវបានបញ្ជាក់ថា ដំណើរការនេះបានត្រឹមត្រូវហើយនាពេលនោះ បើទោះបីជាវត្ថុទាំងនោះត្រួតលើគ្នាក៏ដោយ ក៏មន្ត្រី​មិន​​​ស្នើ​ឱ្យ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​កាបូប​របស់​ពួក​គេដើម្បីពិនិត្យដោយភ្នែកទទេឡើយ ហើយបានអនុញ្ញាតឱ្យពួកគេទាំងពីរឡើងយន្តហោះទៀតផង ជាហេតុធ្វើឱ្យស្ត្រីវ័យចំណាស់យកកាំបិតដាក់ក្នុងវ៉ាលីដាក់តាមខ្លួន ហើយប្រើវាដើម្បីបកផ្លែឈើអំឡុងពេលហោះហើរនៅលើយន្តហោះបាន។ ដូច្នេះអាកាសយានដ្ឋាន​បានសម្រេច​ផ្អាក​​អ្នកត្រួតពិនិត្យ​ឥវ៉ាន់ជាបណ្ដោះអាសន្នដើម្បី​ស៊ើបអង្កេត​បន្ថែម៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: