អន្តរជាតិ

លោក ចូ បៃដិន រំពឹងថានឹងបាននិយាយជាមួយលោក ស៊ី ជីនពីង ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ

BY
autoadmin
July 21, 2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា លោករំពឹងថា នឹងបាននិយាយជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងរយៈពេល ១០ ថ្ងៃខាងមុខ ហើយការពិភាក្សារបស់ពួកគេ ទំនងជាធ្វើតាមបណ្ដាញអ៉ីនធឺណិត ឬតាមទូរស័ព្ទ។ លោក បៃដិន បានធ្វើការកត់សម្គាល់បែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯមូលដ្ឋានទ័ពអាកាសមួយ នៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ខណៈរដ្ឋបាលរបស់លោក បាននឹងកំពុងគិតគូរពីការកាត់បន្ថយផ្នែកខ្លះនៃពន្ធលើទំនិញ ដែលនាំចូលពីប្រទេសចិន ដើម្បីជួយសម្រួលដល់អតិផរណានៅក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាលោក បៃដិន មិន​បាន​ផ្តល់​ចម្លើយ​ច្បាស់​លាស់​ទេ​ នៅ​ពេល​អ្នក​កាសែត​សួរ​ថា ​តើ​លោក​នឹង​ពិភាក្សា​អំពី​ពន្ធ​ជាមួយ​លោក ស៊ី ដែរ ​ឬ​ទេ​។ ប្រសិនបើមេដឹកនាំទាំង ២ និយាយពីរឿងនោះ វានឹងក្លាយជាលើកដំបូងចាប់តាំងពីកិច្ចប្រជុំកំពូលតាមអ៉ីនធឺណិតរបស់ពួកគេនៅក្នុងខែមីនា។ ពួកគេក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកោះតៃវ៉ាន់ និងអ៊ុយក្រែនផងដែរ។ អ្នកការទូតនៃប្រទេសទាំង ២ បានយល់ព្រមបន្តកិច្ចសន្ទនាទ្វេភាគី ដើម្បីការពារការប្រកួតប្រជែងកុំឱ្យកើនឡើងដល់ការប៉ះទង្គិចគ្នា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីដើមខែនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: