អតីតនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe បានឈ្នះឆ្នោតជាប្រធានាធិបតីស្រីលង្កាផ្លូវការ
សមាជិកសភាស្រីលង្កាកាលពីថ្ងៃពុធនេះ បានបោះឆ្នោតជ្រើសរើសអតីតនាយករដ្ឋមន្ត្រី Ranil Wickremesinghe ឱ្យធ្វើជាប្រធានាធិបតីនៃប្រទេសដែលរងគ្រោះដោយសារវិបត្តិមួយនេះ។ លោក Wickremesinghe ដែលជាអតីតនាយករដ្ឋមន្ត្រី ៦ សម័យកាល និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតប្រធានាធិបតី Gotabaya Rajapaksa បានឈ្នះការបោះឆ្នោតសភា បន្ទាប់ពីលោក Rajapaksa បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងជុំវិញវិបត្តិសេដ្ឋកិច្ច ដែលត្រូវបានសម្គាល់ដោយការខ្វះខាតយ៉ាងខ្លាំងនៃការនាំចូលសំខាន់ៗ ដូចជាប្រេងឥន្ធនៈ ថ្នាំពេទ្យ និង អាហារ។

លោក Wickremesinghe បានឈ្នះសំឡេងចំនួន ១៣៤ នៅក្នុងសំឡេងសរុបចំនួន ២២៣។ ថ្លែងទៅកាន់សភាភ្លាមៗបន្ទាប់ពីលទ្ធផលនេះ លោក Wickremesinghe បាននិយាយថា ខណៈពេលដែលប្រទេសត្រូវបាន «បែងចែកតាមបក្សពួក» ឥឡូវនេះ «ពេលវេលាបានមកដល់ហើយ ដើម្បីឱ្យយើងធ្វើការជាមួយគ្នា»។ កាលពីដើមខែនេះ ក្រុមអ្នកតវ៉ាបានដុតផ្ទះឯកជនរបស់លោក Wickremesinghe និងបានបំផ្លាញវិមានប្រធានាធិបតី នៅក្នុងការប៉ុនប៉ងដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបញ្ចប់ភាពវឹកវរ ដែលបានរុំព័ទ្ធប្រទេសស្រីលង្កាចាប់តាំងពីខែមីនា៕

អត្ថបទ៖ លីដា
ប្រភព៖ CNN