សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែត HIMARS ដល់ប្រទេសអ៊ុយក្រែនចំនួន ៤គ្រឿង បន្ថែមទៀត
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket Systems ឬ HIMARS ដល់អ៊ុយក្រែនចំនួន ៤គ្រឿង បន្ថែមទៀត ខណៈដែលយោធារុស្ស៊ីកំពុងបង្កើនការវាយលុកមកលើអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបង្ហាញពីជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែននេះ នៅក្នុងកិច្ចប្រជុំតាមអ៉ីនធឺណិតមួយកាលពីថ្ងៃពុធ ដោយមានការចូលរួមពីគណៈប្រតិភូមកពីប្រទេសប្រហែល ៥០ ដើម្បីពិភាក្សាលើការផ្តល់ជំនួយដល់អ៊ុយក្រែន។ លោក Austin បាននិយាយថា៖«នេះគឺជាដំណាក់កាលដ៏សំខាន់នៃជម្លោះ។ ដូច្នេះហើយ ការគាំទ្ររួមរបស់យើង សម្រាប់អ៊ុយក្រែនគឺសំខាន់ និងបន្ទាន់ណាស់»។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានពន្យល់ថា កងកម្លាំងរុស្ស៊ីកំពុងបន្តការបាញ់ផ្លោងយ៉ាងខ្លាំងក្លា ដើម្បីពង្រីកតំបន់ដែលពួកគេគ្រប់គ្រងនៅភាគខាងកើតអ៊ុយក្រែន។ ដូច្នេះហើយ ការផ្ដល់ជូននូវបញ្ជូនប្រព័ន្ធរ៉ុក្កែត HIMARS របស់សហរដ្ឋអាមេរិក នឹងជួយដល់កងកម្លាំងអ៊ុយក្រែនអាចវាយប្រហារប៉ុស្តិ៍បញ្ជាការរុស្ស៊ី និងគោលដៅយោធាផ្សេងទៀត ដោយសារប្រព័ន្ធរ៉ុក្កែត HIMARS អាចបាញ់បានចម្ងាយឆ្ងាយ និងច្បាស់លាស់។ ជម្រាបផងដែរថា សហរដ្ឋអាមេរិកបានផ្ដល់នូវប្រព័ន្ធ HIMARS ដល់ប្រទេសអ៊ុយក្រែនចំនួន ១២ គ្រឿង រួចមកហើយដែរ។
លោក Austin បានបន្តថា៖ «អ៊ុយក្រែនត្រូវការសព្វាវុធ និងគ្រាប់ផ្ទុះ ដើម្បីបង្កើនរបាំងការពាររបស់ខ្លួន និងវាយបកទៅវិញ» ដោយបន្ថែមថា អាមេរិកកំពុង «ប្រឹងប្រែងខ្លាំងក្នុងការរក្សា និងបង្កើនសន្ទុះនៃការបរិច្ចាគ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏បានស្វាគមន៍ជំនួយយោធាបន្ថែមនេះ ហើយនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskyy បាននិយាយថា៖«វានឹងចាំបាច់ក្នុងការបង្កើនការផ្គត់ផ្គង់អាវុធទំនើបដល់អ៊ុយក្រែន ដើម្បីផ្តល់ឱ្យរដ្ឋរបស់យើងនូវការការពារដែនអាកាសប្រកបដោយប្រសិទ្ធភាព»៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ