អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

BY
autoadmin
July 22, 2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) បាននិយាយថា លោកបានតេស្តឃើញវិជ្ជមានជំងឺ COVID-19 ប៉ុន្តែនឹងបន្តនៅធ្វើការដដែល ខណៈកំពុងនៅដាច់ដោយឡែកនៅឯសេតវិមាន ហើយគាត់មានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ក្នុង​វីដេអូ​បង្ហោះ​លើបណ្ដាញ Twitter លោក បៃដិន បាន​ប្រាប់ពលរដ្ឋ​ថា គាត់សុខទុក្ខជាធម្មតាទេ ហើយ​រោគ​សញ្ញា​របស់គាត់ គឺមាន​សភាព​ស្រាលៗ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

លោកបាននិយាយថា៖«ខ្ញុំគិតថាអ្នកបានលឺហើយ ព្រឹកនេះខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺ COVID-19។ ប៉ុន្តែខ្ញុំបានចាក់វ៉ាក់សាំង ២ដង ដូសជំរុញ ២ដង។ រោគសញ្ញាគឺស្រាល ហើយខ្ញុំពិតជាពេញចិត្តចំពោះការសាកសួរ និងការបារម្ភរបស់អ្នកទាំងអស់គ្នា។ ប៉ុន្តែខ្ញុំមិនកើតអ្វីទេ ទទួលបានការងារច្រើន បន្តធ្វើវាឱ្យរួច ហើយក្នុងពេលជាមួយគ្នានេះ សូមអរគុណចំពោះការព្រួយបារម្ភ និងជំនឿចិត្តរបស់អ្នក។ វានឹងមិនអីទេ» ។

នេះជាលើកទី១ហើយ ដែលលោក ចូ បៃដិន ធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ហើយលោកបានធ្វើតេស្តចុងក្រោយអវិជ្ជមានកាលពីថ្ងៃអង្គារ នេះបើយោងតាមលេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ។ លោក បៃដិន បានទូរស័ព្ទទៅមនុស្សជាច្រើនម៉ោង ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យរបស់គាត់។ គាត់បានសរសេរនៅលើ Twitter នៅរសៀលថ្ងៃព្រហស្បតិ៍ថាគាត់ «សុខទុក្ខជាធម្មតា» បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន ហើយបាននិយាយថា គាត់បានទូរស័ព្ទទៅអ្នកនយោបាយនៅ Pennsylvania ដើម្បីផ្ញើការសោកស្តាយរបស់គាត់ ចំពោះការលុបចោលការធ្វើដំណើរដែលបានគ្រោងទុកទៅកាន់រដ្ឋ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: