អន្តរជាតិ

សភាប្រទេសឥណ្ឌាបានបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលជាស្ត្រីជនជាតិភាគតិចដំបូងបំផុត

BY
autoadmin
July 22, 2022

សមាជិកសភាក្នុងប្រទេសឥណ្ឌា បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីដំបូងរបស់ខ្លួន ដែលជាស្ត្រីម្នាក់មកពីសហគមន៍ជនជាតិដើមភាគតិច។ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី Droupadi Murmu បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយបានផ្តួលបេក្ខភាពដែលឈរឈ្មោះដោយគណបក្សប្រឆាំង។ សមាជិកសភាសហព័ន្ធ និងរដ្ឋប្រហែល ៤,៨០០ នាក់ របស់ប្រទេសឥណ្ឌា បានបោះឆ្នោតកាលពីថ្ងៃចន្ទ ហើយសន្លឹកឆ្នោតត្រូវបានរាប់នៅថ្ងៃព្រហស្បតិ៍នេះ។

លោកស្រី Murmu ត្រូវបានគាំទ្រដោយគណបក្ស Bharatiya Janata ដែលជាគណបក្សកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi ។ លោកស្រីនឹងក្លាយជាប្រធានាធិបតីស្ត្រីទី២ របស់ប្រទេសឥណ្ឌា បន្ទាប់ពីលោកស្រី Pratibha Patil ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងឆ្នាំ២០០៧។ លោកស្រី Murmu គឺមានអាយុ ៦៤ឆ្នាំ, ជាអតីតអភិបាលរដ្ឋ Jharkhand និងមកពីកុលសម្ព័ន្ធជនជាតិដើមនៅរដ្ឋ Odisha។

គណបក្សកាន់អំណាចបានគាំទ្រលោកស្រី Murmu ត្រូវបានគេមើលឃើញថា មានគោលបំណងជាក់ស្តែង ក្នុងការទទួលបានការគាំទ្រពីអ្នកបោះឆ្នោតស្ត្រី និងប្រជាជននៅក្នុងតំបន់ភាគខាងកើត ដែលមានកុលសម្ព័ន្ធជនជាតិដើមភាគតិចជាច្រើនរស់នៅទីនោះ នៅមុនការបោះឆ្នោតសកលនៅឆ្នាំ២០២៤៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: