អន្តរជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ស្រីលង្កាលោក Dinesh Gunawardena ស្បថចូលកាន់តំណែងកាលពីម្សិលមិញនេះ

BY
autoadmin
July 22, 2022

សមាជិកសភាជាន់ខ្ពស់ស្រីលង្កាលោក Dinesh Gunawardena នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជាផ្លូវការ មួយថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់លោក Ranil Wickremesinghe។ ព្រឹត្តិការណ៍នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងសន្តិសុខបានវាយឆ្មក់ជំរុំតវ៉ាមួយ នៅលើមូលដ្ឋានរដ្ឋាភិបាលក្នុងរដ្ឋធានីកូឡុំបូ ហើយបានបោសសម្អាតផ្នែកខ្លះ ដោយមានការចាប់ខ្លួនយ៉ាងហោចណាស់ ៩នាក់ ខណៈដែលរដ្ឋបាលថ្មីកំពុងដាក់វិធានការដើម្បីបង្ក្រាបក្រុមបាតុករ។

អតីតរដ្ឋមន្ត្រីមកពីគណបក្ស Podujana Peramuna លោក Gunawardena បានស្បថចូលកាន់តំណែងនៅចំពោះមុខលោក Wickremesinghe ដោយអង្គុយនៅមុខមន្ត្រីយោធា នៅក្នុងបន្ទប់ដែលពោរពេញទៅដោយសមាជិកសភា និងមន្ត្រី។ គណៈរដ្ឋមន្ត្រីដែលនៅសេសសល់ត្រូវបានគេរំពឹងថា នឹងស្បថចូលកាន់តំណែងនៅពេលក្រោយនៅថ្ងៃសុក្រនេះ។

គួរឱ្យដឹងដែរថា វិបត្តិរបស់ប្រទេសស្រីលង្កា  ដែលជាលទ្ធផលនៃការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ បូករួមទាំងជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំជាច្រើនខែ ហើយនៅទីបំផុតបានបង្ខំឱ្យអតីតប្រធានាធិបតីលោក Gotabaya Rajapaksa ត្រូវរត់ចោលស្រុក។ ឥឡូវនេះលោក Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈពេលដែលកំពុងស្វែងរកជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: