ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បាននិយាយថា ខ្លួនបានលក់ ៧៥% នៃការកាន់កាប់ bitcoin របស់ខ្លួនដែលមានតម្លៃប្រហែល ២ពាន់លានដុល្លារ
- BY
- autoadmin
- July 24, 2022
Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកគ្រប់គ្រងដោយមហាសេដ្ឋីអាមេរិក Elon Musk បាននិយាយថា ខ្លួនបានលក់ ៧៥%ភាគរយនៃការកាន់កាប់ bitcoin របស់ខ្លួនដែលធ្លាប់មានតម្លៃប្រហែល ២ពាន់លានដុល្លារ។ ការលក់នេះ គឺដើម្បីទាញយកតួលេខសាច់ប្រាក់ បន្ទាប់ពី Bitcoin បានធ្លាក់ចុះជាង ៥០% នៅឆ្នាំនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន។
លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយយ៉ាងដូច្នេះថា Tesla ត្រូវការលក់ bitcoins ដែលខ្លួនមាន ដោយសារតែភាពមិនច្បាស់លាស់អំពីការអនុវត្តវិធានការចាក់សោររបស់ប្រទេសចិន។ នេះបណ្តាលឱ្យក្រុមហ៊ុនបង្កើនចំនួនសាច់ប្រាក់របស់ខ្លួនដល់កម្រិតខ្ពស់បំផុត។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅអ្នកវិនិយោគនោះថា «ក្រុមហ៊ុនបានលក់ ៧៥% នៃការកាន់កាប់ bitcoin របស់ខ្លួនដើម្បីទាញយកតួលេខសាច់ប្រាក់ចំនួន ៩៣៦លានដុល្លារនៅលើតារាងតុល្យការរបស់ខ្លួន» ដោយ Tesla បានវិនិយោគ ១.៥ ពាន់លានដុល្លារក្នុង bitcoin នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ រហូត bitcoin បានក្លាយជាការពេញនិយមយ៉ាងខ្លាំង ហើយមានតម្លៃជិត ៧០,០០០ដុល្លារ ក្នុងមួយឯកតាកាលពីខែវិច្ឆិកាឆ្នាំមុន មុនពេលតម្លៃបន្តធ្លាក់ចុះនៅឆ្នាំនេះ bitcoin ដោយឥឡូវនេះមានតម្លៃតិចជាង ២៥,០០០ ក្នុងមួយឯកតាទៅវិញ។
ជាការពិតណាស់ Musk គឺជាមនុស្សល្បីល្បាញម្នាក់ដែលជាម្ចាស់រូបិយប័ណ្ណគ្រីបតូមួយចំនួនធំ។ ហើយជារឿយៗលោកបានប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជំរុញសកម្មភាពជួញដូរនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូ ហើយក៏បានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃរូបិយប័ណ្ណគ្រីបតូ រួមបញ្ចូលទាំង Bitcoin និង Dogecoin ផងដែរ។ ដោយលោក Elon musk ធ្លាប់បាននិយាយនៅក្នុង social media ថា Tesla នឹងមិនលក់ bitcoins ដែលខ្លួនមាននោះទេ៕

- Share This Post:






