ធនាគារកណ្តាលអឺរ៉ុប ដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ ដោយសង្ឃឹមថានឹងអាចទប់ស្កាត់វិបត្តិអតិផរណា
- BY
- autoadmin
- July 23, 2022
យោងតាមទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១ មក។ ការដំឡើង ០.៥០% ធ្វើឱ្យអត្រាការប្រាក់ចម្បងរបស់អឺរ៉ុបត្រលប់មកនៅ ០.០០% បន្ទាប់ពីមានភាពអវិជ្ជមានចាប់តាំងពីឆ្នាំ២០១៤។

ចំពោះការឡើងអត្រាការប្រាក់ខាងលើនឹងចាប់ផ្តើម នៅថ្ងៃទី២៧ ខែកក្កដា ខណៈដែលអឺរ៉ុបកំពុងតែតស៊ូជាមួយអតិផរណាឡើងខ្ពស់ ដោយសារតែវិបត្តិតម្លៃថាមពល ក៏ដូចជា អតិផរណានៅក្នុងសហភាពអឺរ៉ុបជារៀងរាល់ឆ្នាំដែលបានកើនឡើងដល់ ៩.៦% នៅក្នុងខែមិថុនា។ នៅក្នុងប្រទេសចំនួន ១៩ នៃតំបន់ចាយប្រាក់អឺរ៉ូ អតិផរណាមានចំនួន ៨.៦ ភាគរយ។
ដើមឡើយ ធនាគារកណ្តាលអឺរ៉ុបគ្រោងនឹងដំឡើងអត្រាការប្រាក់ក្នុងកម្រិតតូចឬទាបជាងនេះ ប៉ុន្តែបានសម្រេចចិត្តធ្វើចលនាកាន់តែខ្លាំង នេះបើតាមលទ្ធផលវាយតម្លៃហានិភ័យអតិផរណា ប្រធាន ECB លោកស្រី Christine Lagarde បាននិយាយថា អតិផរណានៅតែខ្ពស់ ហើយនឹងបន្តលើសពីគោលដៅមួយរយៈ ចំណែកការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុគឺផ្អែកលើទិន្នន័យក្នុងខែនីមួយៗ។
ECB ក៏បានបង្ហាញវិធានការនៃយន្តការការពារប្រតិបត្តិការ ក្នុងគោលបំណងរក្សាការចំណាយលើការខ្ចីប្រាក់នៅក្នុងប្រទេសដែលមានបំណុលខ្ពស់ក្នុងតំបន់អឺរ៉ូ ដូចជាប្រទេសអ៊ីតាលី និងក្រិក ដើម្បីរក្សាការរួបរួមក្នុងចំណោមប្រទេសដែលប្រើប្រាស់ប្រាក់អឺរ៉ូ៕



អត្ថបទ៖ Bee
ប្រភព៖ cnn
- Share This Post:






