អន្តរជាតិ

Samsung វាយលុកទីផ្សារជាមួយនឹងការនាំចេញទូរស័ព្ទដែលអាចបត់បានជិត ១០លានគ្រឿង

BY
autoadmin
July 23, 2022

បន្ទាប់ពីការប្រកាសព្រឹត្តិការណ៍ Galaxy Unpacked 2022 នៅថ្ងៃទី 10 ខែសីហាខាងមុខនេះ ដែលរំពឹងថានឹងជាថ្ងៃសម្ពោធ Galaxy Z Fold 4 និង Galaxy Z Flip 4 ក្រុមហ៊ុន Samsung បានបង្កើនការពិភាក្សាអំពីស្មាតហ្វូនដែលអាចបត់បាន។ ក្នុងនោះផងដែរក្រុមហ៊ុនក៏បានបង្ហាញចំនួននៃការនាំចេញទូរស័ព្ទដែលអាចបត់បានក្នុងឆ្នាំ២០២១ ដែលមានចំនួនរហូតដល់ជិត ១០លានគ្រឿង។

លោក TM Roh ប្រធាន និងជាប្រធានផ្នែកស្មាតហ្វូននៅ Samsung បង្ហាញតាមរយៈប្លុកផ្លូវការរបស់ Samsung ដែលជាការបង្ហាញពីទំនុកចិត្តថា៖ “ពេលនេះយើងត្រៀមរួចរាល់ហើយសម្រាប់ស្មាតហ្វូនដែលអាចបត់បាន ហើយមនុស្សកាន់តែច្រើននឹងជ្រើសរើសយកទូរសព្ទដៃដែលអាចបត់បាន ដើម្បីប្រើប្រាស់កាន់តែច្រើន”។

លោកបានបន្តទៀតថា៖ «វាមានរយៈពេល ៣ឆ្នាំហើយចាប់តាំងពីក្រុមហ៊ុន Samsung ចេញលក់ស្មាតហ្វូន Galaxy ដែលអាចបត់បាន ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ហើយវាថែមទាំងបានបង្ហាញអោយឃើញយ៉ាងច្បាស់ថា ការរចនាប្រកបដោយភាពច្នៃប្រឌិត និងអាចបត់បែនបានសមឥតខ្ចោះទៅក្នុងរបៀបរស់នៅសម័យថ្មី។ ជាមួយនឹងលទ្ធផលនេះដែរ ពិតជារឿងមួយដែលចម្លែកកាលពីបីឆ្នាំមុន ប៉ុន្តែឥឡូវនេះវាបានក្លាយជាជម្រើសរបស់មនុស្សរាប់លាននាក់រួចទៅហើយ »។ នៅក្នុងប្លុកដដែលនេះ TM Roh បាននិយាយបន្តថា ឧស្សាហកម្មស្មាតហ្វូនដែលអាចបត់បានបានឈានដល់ចំណុចដែលស្មាតហ្វូនប្រភេទនេះអាចនាំចេញបានដល់ទៅ ជិត ១០លានគ្រឿងហើយវាត្រូវបានដឹកជញ្ជូនទូទាំងពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ហើយចំនួនតួលេខនេះតំណាងឱ្យការកើនឡើង ៣០០% បើធៀបនឹងឆ្នាំ២០២០។

សម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់បាន រហូតមកដល់បច្ចុប្បន្ន Samsung បន្ត​ជា​អ្នក​នាំ​មុខ​ទីផ្សារ​ដ៏​លើសលប់ ដែលអាចកាន់កាប់ប្រហែល ៨៧.៨ ភាគរយនៃទីផ្សារ ដោយទុកក្រុមហ៊ុន Huawei ជាក្រុមហ៊ុនទីពីរនៅក្នុងអាជីវកម្មជាមួយនឹងចំណែក ៩.៣ ភាគរយតាមពីក្រោយដោយ Xiaomi ២.៤ ភាគរយ និង Oppo ០.២ ភាគរយ៕

អត្ថបទ៖ Bee
ប្រភព៖samsung

Share This Post: