គ្រូពេទ្យរបស់សេតវិមាន៖ លោក ចូ បៃដិន មានស្ថានភាពប្រសើរឡើងវិញហើយ
- BY
- autoadmin
- July 23, 2022
គ្រូពេទ្យនៅសេតវិមាននិយាយថា រោគសញ្ញានៃជំងឺ COVID-19 របស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រសើរឡើងវិញហើយ ប៉ុន្តែគាត់នៅតែមានការហៀរសំបោរ អស់កម្លាំង និងក្អកម្តងម្កាល។ របាយការណ៍ចុងក្រោយរបស់វេជ្ជបណ្ឌិត ស្តីពីស្ថានភាពជំងឺរបស់ប្រធានាធិបតី ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយបានបន្ថែមថា សីតុណ្ហភាពរបស់លោក បៃដិន បានកើនឡើងដល់ ៣៧.៤ អង្សាសេ នៅល្ងាចថ្ងៃព្រហស្បតិ៍ ប៉ុន្តែបានចុះថយជាធម្មតាមកវិញ បន្ទាប់ពីគាត់បានប្រើប្រាស់ថ្នាំ Tylenol ។ ចំណែកជីពចរ សម្ពាធឈាម អត្រាផ្លូវដង្ហើម និងអុកស៊ីហ្សែនរបស់គាត់ នៅតែមានលក្ខណៈធម្មតាទាំងស្រុង។

របាយការណ៍នោះនិយាយថា ប្រធានាធិបតីលោក ចូ បៃដិន នឹងបន្តនៅដាច់ដោយឡែក និងប្រើថ្នាំប្រឆាំងមេរោគ ដែលជួយការពាររោគសញ្ញារបស់គាត់មិនធ្ងន់ធ្ងរជាងនេះ។ លោក បៃដិន ខ្លួនឯងក៏បានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រថា សុខភាពរបស់លោកកាន់តែមានភាពប្រសើរឡើង នៅពេលដែលលោកបាននិយាយតាមអ៉ីនធឺណិត នៅឯកិច្ចប្រជុំរបស់ទីប្រឹក្សាសេដ្ឋកិច្ចស្តីពីតម្លៃសាំង។ លោក បៃដិន នឹងនៅដាច់ដោយឡែកនៅសេតវិមាន ហើយបន្តអនុវត្តភារកិច្ចទាំងអស់របស់គាត់ឱ្យបានពេញលេញ ក្នុងអំឡុងពេលនៅដាច់ដោយឡែកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






