រំជួលចិត្តយ៉ាងខ្លាំង! កូនស្រីអ្នកប្រមូលសំរាមម្នាក់នេះបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ និងបំផុសគំនិតដល់អ្នកលេងបណ្តាញសង្គមជាច្រើន
ហ្វីលីពីន៖ កូនស្រីបុរសវ័យ៥១ឆ្នាំជនជាតិហ្វីលីពីនម្នាក់នេះឈ្មោះថា Jenny Rose និងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ដោយឪពុកនាងមាននាមត្រឹមជាអ្នកប្រមូលសំរាមអស់រយៈពេល ២០ឆ្នាំមកហើយ។ បុរសជាឪពុកត្រូវបានគេឱ្យដឹងថាមានឈ្មោះ Tatay Cristito Quimado ហើយវិដេអូដែលបង្ហាញពីរបៀប ដែលគាត់ខិតខំធ្វើការងារជារៀងរាល់ថ្ងៃ ដោយភ្ញាក់ពីដំណេកម៉ោង៣ទៀបភ្លឺ ដើម្បីប្រមូលសំរាមជារឿយៗ ត្រូវបានបង្ហាញនៅលើ GMA News និង DigiDokyu ដែលបានបង្ហាញថាគាត់ត្រូវតស៊ូ ដើម្បីកូនៗទាំងបួនរបស់គាត់ឱ្យបានចូលសាលារៀននឹងគេ។
លោក Tatay Cristito Quimado បាននិយាយថា ការងាររបស់គាត់គឺមិនងាយស្រួលនោះទេ ប៉ុន្តែគាត់បានប្រាប់ដល់ខ្លួនគាត់ថា ត្រូវធ្វើវា ដើម្បីគ្រួសារ ដោយគាត់គ្មានអ្វីទុកឱ្យកូនៗរបស់គាតនោះទេ មានតែឱ្យចំណេះដោយបញ្ជូនពួកគេឱ្យទៅរៀន។ ថ្វីបើគាត់រកបានតែ ៥០០ Peso (២៤.៥ដុល្លារ) ក្នុងមួយថ្ងៃក៏ដោយ ក៏គាត់ខិតខំបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីទ្រទ្រង់គ្រួសាររបស់គាត់ក្នុងនាមជាឪពុកឱ្យតែវាមិនខុសច្បាប់។ ចំណែក Jenny Rose ជាកូនស្រីដែលបានបញ្ចប់ថ្នាក់មហាវិទ្យាល័យបាននិយាយថា នាងមិនដែលខ្មាស់នឹងប្រាប់ថា ឪពុកនាងជាអ្នកប្រមូលសំរាមទេ! នាងបានបន្តនិយាយថា៖ «ខ្ញុំអរគុណព្រះសម្រាប់ការប្រទានឪពុករបស់ខ្ញុំ គាត់មានការងារដ៏ថ្លៃថ្នូ វាមិនថ្វីទេទោះបីជាប្រាក់ចំណូលរបស់គាត់តិចក៏ដោយ យ៉ាងហោចណាស់គាត់មិនបានធ្វើអ្វីឱ្យខុសច្បាប់ទេ»។ យ៉ាងណាមិញវិដេអូដែលបង្ហាញពីការខិតខំធ្វើការងារជារៀងរាល់ថ្ងៃរបស់ឪពុកនាង បានធ្វើឱ្យមានភាពល្បីល្បាញ និងទទួលបានជំនួយពីអង្កការជាច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ pixelatedplanet