គ្រូពេទ្យបាននិយាយថា ប្រធានាធិបតីលោក ចូ បៃដិន បានធូរស្បើយបានច្រើន និងនៅឈឺបំពង់កតិចតួចប៉ុណ្ណោះ
- BY
- autoadmin
- July 25, 2022
គ្រូពេទ្យរបស់លោក ចូ បៃដិន កាលពីថ្ងៃអាទិត្យ ទី២៤ ខែកក្កដា បាននិយាយថា ស្ថានភាពរបស់លោកប្រធានាធិបតីអាមេរិករូបនេះ ចាប់តាំងពីបានឆ្លងជំងឺ COVID-19 រួចមក គឺបានប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយគាត់គ្រាន់តែមានរោគសញ្ញាឈឺបំពង់កប៉ុណ្ណោះ។ វេជ្ជបណ្ឌិតលោក Kevin O’Connor បាននិយាយថា ការក្អក និងឈឺរាងកាយរបស់ បៃដិន បានថយចុះចាប់តាំងពីគាត់បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺ COVID-19 កាលពីថ្ងៃព្រហស្បតិ៍ ហើយគាត់មិនមានបញ្ហាដង្ហើមខ្លីៗណាមួយឡើយ។

កាលពីព្រឹកថ្ងៃអាទិត្យ អ្នកសម្របសម្រួលនៃសេតវិមាន លោក Ashish Jha នៅក្នុងបទសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ Fox News Sunday និង ABC’s This Week បាននិយាយថា អ្នកមានទំនាក់ទំនងជិតស្និទ្ធទាំង ១៧នាក់ របស់លោក ចូ បៃដិន គឺមិនមាននរណាម្នាក់បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 នោះឡើយ។ លោក បៃដិន ដែលមានអាយុ ៧៩ឆ្នាំ រូបនេះ មានចេញរោគសញ្ញាស្រាលៗ ចាប់តាំងពីការធ្វើរោគវិនិច្ឆ័យដំបូងរបស់គាត់។ កាលពីថ្ងៃសៅរ៍ លោក O’Connor បាននិយាយថា បើតាមការពិនិត្យលើហ្សែនរបស់មេរោគបានបង្ហាញថា លោក ចូ បៃដិន ទំនងជាបានឆ្លងវ៉ារ្យ៉ង់អូមីក្រុង អនុទម្រង់ BA.5 ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






