អន្តរជាតិ

សារព័ត៌មាន Global Times៖ ចំនួនប្រជាជនចិនត្រូវបានរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅមុនឆ្នាំ២០២៥

BY
autoadmin
July 25, 2022

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Global Times ដោយដកស្រង់សម្តីពីមន្ត្រីសុខាភិបាលជាន់ខ្ពស់របស់ចិនម្នាក់បានឱ្យដឹងថា អត្រាកំណើនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថា នឹងប្រែទៅជាអវិជ្ជមាននៅមុនឆ្នាំ២០២៥។ ទិន្នន័យកំណើតដែលចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យបានបង្ហាញថា ចំនួនកំណើតថ្មីក្នុងឆ្នាំ២០២១ នៅក្នុងខេត្តមួយចំនួនរបស់ចិន គឺមានទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ជាក់ស្ដែង ចំនួនកំណើតនៅក្នុងខេត្តហ៊ូណាន បានធ្លាក់ចុះក្រោម ៥០០,០០០ ជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ ហើយមាន​តែ​ខេត្ត​ក្វាងទុង​​ប៉ុណ្ណោះ​ ដែល​មាន​កំណើត​ថ្មី​ជាង ១ លាន​នាក់។

ប្រទេសចិនកំពុងប្រយុទ្ធដើម្បីបញ្ច្រាសការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃអត្រាកំណើន បូករួមទាំងភាពខុសគ្នារវាងអត្រាកំណើត និងមរណភាព ដោយសារមនុស្សវ័យក្មេងជាច្រើនជ្រើសរើសមិនបង្កើតកូន ព្រោះតែកត្តាមួយចំនួនដូចជា៖ ការចំណាយខ្ពស់ក្នុងការចិញ្ចឹមកូន និងសម្ពាធការងារជាដើម។ បើតាមសម្ដីលោក Yang Wenzhuang ប្រធានផ្នែកប្រជាជន និងគ្រួសារ នៅគណៈកម្មការសុខភាពជាតិបាននិយាយថា ចំនួនប្រជាជនចិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំ២០២១-២០២៥។ ការផ្លាស់ប្តូរច្បាប់របស់ប្រទេសចិនកាលពីឆ្នាំមុន ក្នុងការអនុញ្ញាតឱ្យស្ត្រីមានកូន ៣នាក់ មិនបានជួយអ្វីនោះទេ ដោយស្ត្រីជាច្រើនបាននិយាយថា ការផ្លាស់ប្តូរនេះវាយឺតពេលពេក ហើយពួកគេមិនមានស្ថិរភាពការងារ និងសមភាពយេនឌ័រគ្រប់គ្រាន់នៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: