អន្តរជាតិ

ផ្ទុះភ្នំភ្លើង Sakurajima នៅភាគនិរតីរបស់ប្រទេសជប៉ុន បណ្ដាលឱ្យមានការប្រកាសឱ្យមានប្រុងប្រយ័ត្នខ្ពស់បំផុតកម្រិត៥

BY
autoadmin
July 25, 2022

ក្រុមមន្ត្រីនៅភាគនិរតីនៃប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជនក្នុងរង្វង់ចម្ងាយ ៣ គីឡូម៉ែត្រ ពីរណ្ដៅភ្នំភ្លើង Sakurajima ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ បន្ទាប់ពីភ្នំភ្លើងនេះបានផ្ទុះឡើងកាលពីម្សិលមិញ។ អ្នកសង្កេតការណ៍អាកាសធាតុនៅក្នុងខេត្ត Kagoshima បាននិយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃអាទិត្យ ដែលនាំឱ្យមានការខ្ទាតថ្មចេញពីរណ្ដៅភ្នំភ្លើង។ ក្រុម​សង្កេតការណ៍​ក៏បានបញ្ជាឱ្យមានការប្រុង​ប្រយ័ត្ន​ដល់​កម្រិត​ខ្ពស់ទី៥ ដែលមានន័យថា នឹងត្រូវមានការជម្លៀសចេញ ដោយ​ពួកគេបានបន្ថែមថា ភ្នំភ្លើង​កំពុង​មាន​សកម្មភាព​ខ្លាំងណាស់។

ការ​ផ្ទុះរបស់ភ្នំភ្លើង Sakurajima ក៏​កំពុង​បន្ត​ ខណៈមាន​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ទៀត​ត្រូវ​បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ហើយផ្សែង​ភ្នំភ្លើងបានសាយភាយ​ឡើង​ដល់​កម្ពស់​២,២០០ ​ម៉ែត្រ។ មន្ត្រីសង្កេតការណ៍ក៏កំពុងណែនាំការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះកម្អែភ្នំភ្លើងដែលអាចកើតមានក្នុងរង្វង់ប្រហែល ២ គីឡូម៉ែត្រ។ នៅព្រឹកថ្ងៃចន្ទនេះ ក្រុមសង្កេតការណ៍បានបញ្ជូនបុគ្គលិករបស់ខ្លួន ២នាក់ ដើម្បីកំណត់ឱ្យច្បាស់ពីកន្លែងដែលថ្មភ្នំភ្លើងបានហូរកាត់ និងដើម្បីវាយតម្លៃការខូចខាតដែលបណ្តាលមកពីការផ្ទុះ។ ក្រុម​សង្កេតការណ៍​និយាយ​ថា​ មិន​មាន​ការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ត្រូវ​បាន​រក​ឃើញ​ទេ គិតត្រឹម​ម៉ោង ១០ និង ៣០ ព្រឹក​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: