អន្តរជាតិ

រុស្ស៊ីដាក់ការចោទប្រកាន់កងកម្លាំងអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

BY
autoadmin
July 25, 2022

ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ទីក្រុងម៉ូស្គូបានចោទប្រកាន់សមាជិកកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនចំនួន ៩២នាក់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោក Alexander Bastrykin ដែលជាប្រធានគណៈកម្មាធិការ បានប្រាប់គេហទំព័រព័ត៌មានរដ្ឋាភិបាល Rossiiskaya Gazeta ថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ១,៣០០ ករណី កំពុងត្រូវបានចាប់ផ្តើម។ លោកក៏បានស្នើឱ្យមានសាលាក្តីអន្តរជាតិមួយ ដែលគាំទ្រដោយប្រទេសនានា រួមមានអ៉ីរ៉ង់ ស៊ីរី និងបូលីវី ដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់រុស្ស៊ី ខណៈភាគីអ៊ុយក្រែន​ក៏​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​ខ្លួន​ផងដែរ។

លោក Bastrykin បាននិយាយថា មិនត្រឹមតែជនជាតិអ៊ុយក្រែនទាំង ៩២នាក់ ដែលត្រូវបានរុស្ស៊ីចោទប្រកាន់នោះទេ ក្នុងនោះក៏មានមនុស្សចំនួន ៩៦នាក់ ផ្សេងទៀត រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធចំនួន ៥១នាក់ កំពុងត្រូវបានកំណត់មុខសញ្ញាតាមចាប់ខ្លួន។ លោក​បាន​ប្រាប់​​ថា ជនជាតិ​អ៊ុយក្រែន​ទាំងនោះបាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិភាព និង​សន្តិសុខ​នៃ​មនុស្សជាតិ។ យ៉ាងណាក៏ដោយ BBC មិន​អាច​ផ្ទៀងផ្ទាត់​ការ​អះអាង​ដែល​បាន​ធ្វើ​ក្នុង​បទសម្ភាសន៍​នោះ​ទេ ហើយទីក្រុងគៀវនៅមិន​ទាន់ចេញសេចក្ដីរាយការណ៍ឆ្លើយតបនៅឡើយ។ ប៉ុន្តែសម្រាប់ខែនេះផ្ទាល់ អ៊ុយក្រែនបាននិយាយថា ខ្លួនកំពុងពិនិត្យមើលឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មនៃការឈ្លានពានជាង ២១,០០០ ករណី ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយក្នុងខែកុម្ភៈ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: