អន្តរជាតិ

ប្រទេសជប៉ុនបានកាត់ទោសផ្ដាច់ជីវិតលើជនល្មើសអាយុ ៣៩ឆ្នាំម្នាក់ ដែលជាការកាត់ទោសដំបូងបំផុតក្នុងឆ្នាំនេះ

BY
autoadmin
July 26, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសជប៉ុនបានប្រហារជីវិតជនល្មើសវ័យ ៣៩ ឆ្នាំម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ៧នាក់ នៅក្នុងទីក្រុងតូក្យូ កាលពីឆ្នាំ២០០៨ នៅអំឡុងពេលនៃការចាក់សម្លាប់ដ៏សាហាវមួយ។ ជនល្មើសមានឈ្មោះថា Tomohiro Kato បានធ្វើឃាតកម្មដ៏គួរឱ្យតក់ស្លុតបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន ហើយក្នុងអំឡុងពេលធ្វើសកម្មភាពនោះផងដែរ ជនល្មើសគឺមានអាយុត្រឹមតែ ២៥ឆ្នាំ ប៉ុណ្ណោះ។ ជននេះត្រូវបានប៉ូលីសចាប់ខ្លួននៅកន្លែងកើតហេតុ ហើយខ្លួនក៏បានសារភាពថា ខ្លួនធ្វើបែបនេះដោយសារតែការធ្វើទុក្ខបុកម្នេញនៅលើអ៉ីនធើណិត (bully)។

នៅថ្ងៃកើតហេតុ ដំបូងឡើយជននេះបានបើករថយន្តបុករះលើពលរដ្ឋ ដែលថ្មើរជើងនៅមជ្ឈមណ្ឌលទិញទំនិញ Akihabara ដែលបណ្ដាលឱ្យមនុស្សចំនួន ៣ នាក់បានស្លាប់។ បន្ទាប់មកទៀត ខ្លួនក៏បានទាញកាំបិតស្នៀត ចាក់ទៅលើពលរដ្ឋដែលដើរកាត់ទីនោះ ដែលបណ្ដាលឱ្យមនុស្សចំនួន ៤ នាក់ស្លាប់ និង ៨ នាក់ ផ្សេងទៀតរងរបួស។ ឧក្រិដ្ឋកម្មរបស់គាត់បានបង្កឱ្យមានការជជែកវែកញែកជាច្រើន នៅក្នុងសង្គមជប៉ុននៅពេលនោះ ជុំវិញការសម្លាប់ដោយចៃដន្យ ឥទ្ធិពលលើអ៉ីនធើណិត និងការបរាជ័យក្នុងការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់មនុស្សវ័យក្មេង។

បុគ្គល Kato ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកាលពីឆ្នាំ២០១១ ហើយនៅថ្ងៃ​អង្គារនេះផងដែរ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​ថា បុគ្គលដែល​បច្ចុប្បន្ន​មាន​អាយុ ៣៩ឆ្នាំ​រូបនេះ ត្រូវ​បាន​ព្យួរក​នៅ​ក្នុង​មជ្ឈមណ្ឌល​ឃុំឃាំង​ក្រុង​តូក្យូ។ វា​គឺជា​ការ​ប្រហារ​ជីវិត​លើក​ដំបូង​របស់​ប្រទេសជប៉ុន​ក្នុង​ឆ្នាំ​នេះ ហើយកាលពីខែធ្នូឆ្នាំមុន ក៏មានការព្យួរកលើអ្នកទោសចំនួន ៣ នាក់ផងដែរ ខណៈដែលអ្នកទោសជាង ១០០ នាក់ កំពុងស្ថិតក្នុងបញ្ជីអ្នកទោសត្រូវប្រហារជីវិត៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: