ប្រទេសរុស្សីគ្រោងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ហើយនឹងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនវិញ
- BY
- autoadmin
- July 27, 2022
អវកាសយានិកមកពីរុស្ស៊ី និងអាមេរិក បានធ្វើការជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨ ដើម្បីសាងសង់ និងដំណើរការស្ថានីយអវកាសអន្តរជាតិ (ISS)។ ភាគីទាំង ២ បានចំណាយពេលរាប់ឆ្នាំជាមួយគ្នា ហើយក៏បានសហការជាមួយអវកាសយានិកមកពីប្រទេសជប៉ុន កាណាដា និងទីភ្នាក់ងារអវកាសអឺរ៉ុបជាច្រើនទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារនេះ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីបាននិយាយថា ក្រុមរបស់លោកមានគម្រោងដកខ្លួនចេញពី ISS ហើយនឹងបង្កើតស្ថានីយអវកាសជារបស់ខ្លួនវិញ។
![]()
នាយកប្រតិបត្តិនៃទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក Yuri Borisov បាននិយាយថា មន្ត្រីរបស់រុស្ស៊ីគ្រោងនឹងចាកចេញពីស្ថានីយនេះ នៅឆ្នាំ២០២៤ បន្ទាប់មកនឹងសាងសង់ស្ថានីយផ្ទាល់ខ្លួនវិញ។ លោក Borisov បាននិយាយថា៖«យើងដំណើរការ ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនៅស្ថានីយអវកាសអន្តរជាតិ។ ដោយគ្មានការសង្ស័យ យើងនឹងបំពេញកាតព្វកិច្ចទាំងអស់របស់យើងចំពោះដៃគូរបស់យើង»។
លោក Robyn Gatens នាយក ISS សម្រាប់អង្គការ NASA បាននិយាយថា៖«យើងចង់បន្តរួមគ្នាក្នុងនាមជាដៃគូ ដើម្បីបន្តប្រតិបត្តិការស្ថានីយអវកាសរហូតដល់មួយទសវត្សរ៍ទៀត»។ ខណៈលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា៖«ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ទំនងជាមូលហេតុនៃការផ្លាស់ប្តូរទំនាក់ទំនងរបស់យើងជាមូលដ្ឋាន»។ គួរឱ្យដឹងដែរថា នៅលើ ISS មានអវកាសយានិកជនជាតិរុស្សីចំនួន ៣នាក់ ជនជាតិអាមេរិកចំនួន ៣នាក់ និងជនជាតិអ៉ីតាលីម្នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






