អន្តរជាតិ

កូរ៉េខាងជើង​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏ធំមួយ ដែលអ្នកចូលរួមមិនមានពាក់ម៉ាសអ្វីទាំងអស់​ ហើយត្រៀម​លើក​ទង់ជាតិបង្ហាញពីការឆ្លងផុតនៃការរីករាលដាលមេរោគកូវីដ១៩

BY
autoadmin
July 28, 2022

យោងតាមរយៈរូបថតចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ ដែលបានបង្ហាញពីអ្នកចូលរួមរាប់ពាន់នាក់នៅព្រឹត្តិការណ៍សាធារណៈដ៏ធំប្រចាំឆ្នាំនៅទីក្រុងព្យុងយ៉ាង ដោយអ្នកចូលរួមទាំងនោះមិនមានការពាក់ម៉ាស់ឡើយ រួមទាំងមន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង និង​ក្រុមមនុស្ស​ចាស់​ពាក់​ឯកសណ្ឋាន​អតីត​យុទ្ធជន​ផង​ដែរ។

ហើយនេះ​ក៏ជា​ព្រឹត្តិការណ៍​សាធារណៈ​ធំ​ដំបូង​គេ​បង្អស់ របស់អាជ្ញាធរកូរ៉េខាងជើង ដោយគ្មានរបាំងការពារ ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានប្រកាសអាសន្នលក្ខណៈជាតិជុំវិញការផ្ទុះឡើងរបស់មេរោគកូវីដ១៩ ដែលបានរីករាលដាលកាលពីនៅខែឧសភាមក។ ចំណែកប្រទេសកូរ៉េខាងជើងក៏ទើបតែបានប្រកាសកាលពីដើមខែនេះថា ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការប្រយុទ្ធប្រឆាំងនឹងវិបត្តិ កូវីដ១៩ ខណៈបណ្តាប្រទេសជិតខាងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃការបំលែងខ្លួនថ្មីរបស់មេរោគកូវីដ១៩។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីចំនួនមនុស្សប៉ុន្មាននាក់បានឆ្លងកូវីដ១៩ ដោយសារតែខ្វះឧបករណ៍ធ្វើតេស្ត។ ពាក់ព័ន្ធ​នឹង​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​និយាយ​កាល​ពី​ខែ​មុន​នោះថា «ស្ថានការណ៍​នៅ​កូរ៉េ​ខាង​ជើង​នឹង​អាចនឹងកាន់តែអាក្រក់ជាងនេះទៅទៀត»។

គួរបញ្ជាក់ផងដែរថា៖ សម្រាប់ពិធីគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជននៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងព្យុងយ៉ាង ត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី៦៩ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមកូរ៉េ។ ដោយនៅក្នុងពិធីនេះដែរ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មិនបានចូលរួមក្នុងពិធីនេះទេ ដោយលោក​បាន​អវត្តមាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាំង​ពី​ថ្ងៃ​ទី ៨ ខែ​កក្កដា មកម្ល៉េះ៕

អត្ថបទ៖ Bee
ប្រភព៖ channelnewsasia

Share This Post: