គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ នៅហ្វីលីពីនព្រឹកមិញនេះ បានឆក់យកជីវិតមនុស្ស ៤នាក់ និងរបួស ៦០នាក់
- BY
- autoadmin
- July 27, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ នៅភាគខាងជើងរបស់ប្រទេស បានសម្លាប់មនុស្សចំនួន ៤នាក់ និងបណ្ដាលឱ្យរងរបួស ៦០នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក Benjamin Abalos បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ករណីស្លាប់ចំនួន ២ ត្រូវបានកត់ត្រានៅក្នុងខេត្ត Benguet, ១ករណី នៅខេត្ត Abra និង ១ករណី ផ្សេងទៀតដែលមិនទាន់ត្រូវបានបញ្ជាក់ទីតាំង។

រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ បានវាយប្រហារកោះ Luzon របស់ប្រទេសហ្វីលីពីន ដោយបានបំផ្លាញអគារនានា នៅក្នុងខេត្ត Abra ភាគខាងជើង និងធ្វើឱ្យមានការរញ្ជួយរហូតដល់រដ្ឋធានីម៉ានីល។ អភិបាលរងនៃខេត្ត Abra លោក Joy Bernos បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានបុរសអាយុ ២៥ ឆ្នាំម្នាក់ បានស្លាប់ដោយសារសំណង់បាក់បែកធ្លាក់លើ ននៅពេលដែលការរញ្ជួយដីបានវាយប្រហារចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Dolores ពីក្នុងជម្រៅ ១០ គីឡូម៉ែត្រ នេះបើយោងតាមទិន្នន័យអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






