ពលរដ្ឋឥណ្ឌារស់នៅរដ្ឋ Gujarat ចំនួន ២៦នាក់បានបាត់បង់ជីវិត និងជាង ៣០នាក់បញ្ជូនទៅកាន់មន្ទីរពេទេ្យ ដោយសារពុលស្រាខុសច្បាប់
- BY
- autoadmin
- July 28, 2022
យោងតាមមន្ត្រីរដ្ឋាភិបាល Gujarat នៃប្រទេសឥណ្ឌា កំពុងស៊ើបអង្កេត បន្ទាប់ពីត្រូវបានគេរាយការណ៍ថា «ក្រុមមនុស្សជាង ៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និង ២៦នាក់បានបាត់បង់ជីវិត បន្ទាប់ពីផឹកស្រាខុសច្បាប់» ពុំទាន់មានសេចក្តីរាយការណ៍ថា ក្នុងស្រាខុសច្បាប់បែបនេះមានជាតិគីមីអ្វីដែលលាយបញ្ចូលគ្នាជំនួសឲ្យជាតិស្រវឹងរឺក៏បែបណា។ ចំណែករដ្ឋមន្ត្រីមហាផ្ទៃនៃរដ្ឋ Gujarat លោក Raj Kumar បាននិយាយថា៖ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងស្រុកចំនួនពីរនៃរដ្ឋ Ahmedabad និង រដ្ឋ Botad ហើយអាជ្ញាធរបានចាត់វិធានការយ៉ាងធ្ងន់ធ្ងរចំពោះហេតុការណ៍នេះ និងបានធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ថែមទៀត។

ខណៈនេះដែរបើតាមសារព័ត៌មានរបស់ឥណ្ឌាបានរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យជាច្រើននាក់ពាក់ព័ន្ធនឹងការរត់ពន្ធស្រាខុសច្បាប់នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាតែងតែជួបប្រទះការស្លាប់ ដោយសារគ្រឿងស្រវឹង ដែលផលិតដោយខុសច្បាប់ ជាពិសេសនៅក្នុងរដ្ឋ Gujarat ដែលបានហាមឃាត់ការផលិត ការលក់ និងការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល លើកលែងតែអ្នកដែលមានលិខិតអនុញ្ញាតចេញដោយរដ្ឋាភិបាលប៉ុណ្ណោះដែលអាចផឹកស្រាបាន។ ប្រការនេះហើយនាំឲ្យឈ្មួញលួចរត់ពន្ធស្រាខុសច្បាប់ ដោយមិនចាំបាច់បង់ពន្ធក្នុងការលក់។ ដូច្នេះហើយបើគិតត្រឹមឆ្នាំ ២០២០ មានប្រជាជនឥណ្ឌាយ៉ាងហោចណាស់ចំនួន ១២០ នាក់បានស្លាប់ដោយសារស្រាខុសច្បាប់នៅក្នុងរដ្ឋ Punjab នៃប្រទេសឥណ្ឌានេះ៕

អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






