អន្តរជាតិ

ពេជ្រពណ៌ផ្កាឈូកទម្ងន់ ១៧០ ការ៉ាត់ ត្រូវបានរកឃើញនៅប្រទេសអង់ហ្គោឡា ដែលជាពេជ្រធំបំផុតក្នុងរយៈពេល ៣០០ឆ្នាំ

BY
autoadmin
July 29, 2022

យោងតាមប្រភពព័ត៌មានបានអោយដឹងថា អ្នករុករករ៉ែនៅអង់ហ្គោឡា រកឃើញពេជ្រពណ៌ផ្កាឈូកសុទ្ធ ដែលត្រូវបានគេចាត់ទុកថាជាពេជ្រដ៏កម្រមួយ ហើយក៏ជាពេជ្រដែលមានខ្នាតដំបំផុតតាំងពីធ្លាប់ជីកបានក្នុងរយៈពេលជាង ៣០០ឆ្នាំ។ ដោយត្បូង​ពេជ្រ​ពណ៌​ផ្កាឈូក​ទម្ងន់ ១៧០ ការ៉ាត់ ដែល​គេ​ស្គាល់​ថា​ជា “ផ្កា​លូឡូ” ត្រូវ​បាន​រក​ឃើញ​នៅ​អណ្តូងរ៉ែ Lulo ស្ថិតនៅភាគឦសាននៃប្រទេសអង់ហ្គោឡា ដែល​ជា​ដី​ពោរពេញ​ដោយ​ពេជ្រ ហើយក្រុមហ៊ុន Lucapa Diamond បញ្ជាក់​ដូច្នេះថា វាគឺជាពេជ្រពណ៌ផ្កាឈូកដ៏ធំបំផុតមួយដែលមិនធ្លាប់មាន។

ចំពោះការរកឃើញបែបនេះត្រូវបានកំណត់ថាជា «ជាការរកឃើញលក្ខណៈជាប្រវត្តិសាស្ត្រ ដោយសារតែពេជ្រពណ៌ផ្កាឈូកគឺជាពេជ្រធម្មជាតិដ៏កម្របំផុត និងបរិសុទ្ធខ្លាំងបំផុត» ហើយពេជ្រនេះត្រូវបានចាត់ថ្នាក់ជាពេជ្រ ២A ដែលមានន័យថា វាមានសារធាតុមិនបរិសុទ្ធតិចតួចបំផុត ឬគ្មានឡើយ ហើយវាក៏ជាគ្រាប់ពេជ្រធំជាងគេទី ៥ តាមដែលធ្លាប់ជីកនៅ Lulo ។ ចំណែកការជីកលើកនេះកើតមកពីការបណ្តាក់ទុនរួមគ្នារវាង Lucapa Diamond មកពីប្រទេសអូស្ត្រាលី និងរដ្ឋាភិបាលអង់ហ្គោឡា។

រដ្ឋមន្ត្រីក្រសួងធនធានរ៉ែរបស់អង់ហ្គោឡា លោក Diamantino Azevedo បាននិយាយថា ត្បូងពេជ្រពណ៌ផ្កាឈូកដែលបំបែកកំណត់ត្រា និងស្រស់ស្អាតពី Lulo ដែល “មិនធ្លាប់មានពីមុនមក” ហើយនេះក៏ជាការបង្ហាញពីសក្តានុពលរបស់ប្រទេសអង់ហ្គោឡាក្នុងនាមជាតួអង្គសំខាន់នៅលើឆាកអន្តរជាតិ។ ហើយពេជ្រពណ៌ផ្កាឈូកនេះដែរនឹងត្រូវដាក់លក់ដេញថ្លៃនៅលើឆាកអន្តរជាតិ ដោយមានការរំពឹងថានឹងអាចរកលុយបានច្រើនមហាសាល ថ្វីត្បិតតែពេជ្រនេះនឹងត្រូវបានយកទៅកែច្នៃ ដើម្បីអោយចេញមកជាពេជ្រដ៏ស្រស់ស្អាត ហើយនេះក៏អាចបណ្តាលឱ្យបាត់បង់ រហូតដល់ទៅ ៥០% នៃទម្ងន់របស់ពេជ្រក៏ដោយ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ត្បូងពេជ្រ Pink Star ដែលមាន ទម្ងន់ ៥៩.៦ ការ៉ាត់ ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​នៅ​ទីក្រុង​ហុងកុង​ក្នុង​តម្លៃ ៧១.២ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ហើយវាជាពេជ្រដ៏ថ្លៃបំផុតដែលធ្លាប់មានការទិញដូរកន្លងមក៕



អត្ថបទ៖ Bee
ប្រភព៖ bbc

apnews

Share This Post: