អាជ្ញាធរចិនគំរាមអាមេរិក សូមប្រយ័ត្នចំពោះផលវិបាក ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក ពិតជាទៅលេងកោះតៃវ៉ាន់ តាមពាក្យចចាមអារ៉ាមមែន
- BY
- autoadmin
- July 31, 2022
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានរាយការណ៍ថា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធទី ២៧ ខែកក្កដា កន្លងទៅថា សហរដ្ឋអាមេរិកនឹងទទួលផលវិបាកប្រសិនបើប្រធានសភាតំណាងរាស្រ្ត Nancy Pelosi ធ្វើដំណើរទៅតៃវ៉ាន់ តាមពាក្យចចាមអារ៉ាម ស្របចំពេលមានភាពតានតឹងដែលកំពុងបន្តរវាងភាគីទាំងពីរ។ ចំណែកសមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យអាមេរិក នៅតែមិនបានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោកស្រី Perosi នៅតៃវ៉ាន់ ប៉ុន្តែកាលពីសប្តាហ៍មុន ប្រធានសភាតំណាងរាស្រ្តអាមេរិក ប្រាប់អ្នកសារព័ត៌មានថា វាមានសារៈសំខាន់ចំពោះសហរដ្ឋអាមេរិកដែលនឹងបង្ហាញការគាំទ្រតៃវ៉ាន់។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានទទូចថា សភាមិនបានជំរុញឲ្យមានការបំបែកទឹកដីនោះទេ។

ចំពោះចំណាត់ការចុងក្រោយនេះកើតឡើងចំពេលមានការព្រួយបារម្ភថា ចិននឹងប្រើកម្លាំងដើម្បីកាន់កាប់តៃវ៉ាន់ ហើយនឹងដើរតាមគន្លងនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានថ្លែងយ៉ាងដូច្នេះថា ពួកគេអាចប្រើកម្លាំងប្រសិនបើចាំបាច់។ ខណៈពេលដែលប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ក៏ត្រៀមពង្រឹងអំណាចបន្ថែមទៀតនៅសមាជបក្សកុម្មុយនិស្តនៅចុងឆ្នាំនេះ៕



អត្ថបទ៖ Bee
ប្រភព៖ channelnewsasia
- Share This Post:






