ហ្វីលីពីនបានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា monkeypox ខណៈកំពុងតាមដានអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺចំនួន ១០ នាក់ផ្សេងទៀត
- BY
- autoadmin
- July 29, 2022
មន្ត្រីហ្វីលីពីនបានរាយការណ៍នៅថ្ងៃសុក្រនេះថា ខ្លួនបានរកឃើញករណីដំបូងនៃជំងឺអុតស្វា monkeypox នៅលើអ្នកជំងឺម្នាក់ ដែលមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ការប្រកាសនេះបានធ្វើឡើងត្រឹមមួយសប្តាហ៍ ក្រោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនៃជំងឺអុតស្វានេះ គឺជាគ្រាអាសន្នផ្នែកសុខភាពរបស់ពិភពលោក។ អ្នកជំងឺម្នាក់នោះមិនត្រូវបានគេបញ្ជេញព័ត៌មានផ្ទាល់ខ្លួននោះទេ ដោយត្រឹមតែដឹងថា គាត់មានអាយុ ៣១ឆ្នាំ និងបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការធ្វើតេស្ត RT-PCR ។

លោក Beverly Ho អនុរដ្ឋលេខាធិការស្តីទីនៃនាយកដ្ឋានសុខាភិបាលហ្វីលីពីនបាននិយាយថា៖«អ្នកជំងឺបានធ្វើដំណើរទៅកាន់ប្រទេស ដែលមានការកត់ត្រាពាក់ព័ន្ធនឹងករណីជំងឺអុតស្វា monkeypox។ អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ១០ នាក់ ត្រូវបានកត់ត្រា ដែលក្នុងនោះមាន ៣នាក់ មកពីគ្រួសារតែមួយ។ អ្នកទាំងអស់ត្រូវបានណែនាំឱ្យនៅដាច់ដោយឡែក និងកំពុងត្រូវបានត្រួតពិនិត្យដោយនាយកដ្ឋាន»។
ការកើនឡើងនៃការឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភា នៅខាងក្រៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច និងកណ្តាល ដែលជំងឺនេះមានវត្តមានជាយូរមកហើយ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃពុធថា ករណីជាង ១៨,០០០ ករណី ត្រូវបានរាយការណ៍ទៅ WHO មកពីប្រទេសចំនួន ៧៨ ដោយ ៧០% នៃករណីទាំងអស់ គឺត្រូវបានរកឃើញនៅអឺរ៉ុប និង ២៥% នៅអាមេរិក។ គាត់បាននិយាយថា ការស្លាប់ចំនួន ៥ ត្រូវបានរាយការណ៍ចាប់តាំងពីខែឧសភារៀងមក៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






