ថៃ៖ ផ្ទាំងថ្មស្ពានអាកាសមួយផ្ទាំង បានបាក់ធ្លាក់សង្កត់រថយន្តកំពុងបើកបរ បណ្តាលឲ្យមនុស្ស៣នាក់រងរបួស និង០១នាក់បាត់បង់ជីវិត
- BY
- autoadmin
- August 1, 2022
ថៃ៖ យោងតាមប្រភពព័ត៌មានរបស់ សារព័ត៌មាន thairath បានអោយដឹងថា កាលពីវេលាម៉ោង ២០ និង៣០នាទី យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ធ្នឹមបេតុងស្ពានអាកាស ដែលកំពុងជួសជុលមួយដុំធំ បានធ្លាក់សង្កត់លើរថយន្តជាច្រើនគ្រឿង ដែលកំពុងបើកបរលើផ្លូវរ៉ាម៉ា២ ត្រង់ចំណុចផ្លូវជាតិខាងមុខមន្ទីរពេទ្យវិផារ៉ាម ខេត្តសាមុតសាខុន ប្រទេសថៃ បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងមានអ្នកបាត់បង់ជីវិតផងដែរ។

យោងតាមរបាយការណ៍បឋមបានបញ្ជាក់ថា មានមនុស្សចំនួន ៣នាក់បានរងរបួស និង ០១នាក់ស្លាប់បាត់បង់ជីវិត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BangkokPost បានឲ្យដឹងថា ធ្នឹមបេតុងដ៏ធំមួយ មានប្រវែងប្រហែល១០ម៉ែត្រ ទម្ងន់ប្រហែល៥តោន រួមនឹងបង្គោលដែកបេតុងរបស់ស្ពានអាកាស បានបាក់ធ្លាក់ទៅលើរថយន្តចំនួន៣គ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ក្រោមស្ពានអាកាសបត់ត្រលប់ក្រោយ (U-turn) ដែលត្រូវបានបិទដើម្បីថែទាំ។
ធ្នឹមបេតុងដ៏ធំនោះបានធ្លាក់ចំរថយន្តម៉ាក Chevrolet ហើយមួយផ្នែកទៀតធ្លាក់ត្រូវរថយន្តភីកអាប់ និងរថយន្តដឹកប្រេង បណ្តាលឲ្យស្ត្រីម្នាក់ ដែលអង្គុយកៅអីខាងមុននៃរថយន្ត Chevrolet បានបាត់បង់ជីវិតភ្លាមៗ ចំណែកឯមនុស្ស៥នាក់ ដែលជិះរថយន្តភីកអាប់ បានរួចផុតជីវិត ដោយគ្រាន់តែរងការខូចខាតផ្នែកខាងមុខរថយន្តប៉ុណ្ណោះ។ ចំណែកឯកម្មករជួសជុលស្ពាន ២នាក់បានរងរបួស ហើយម្នាក់ក្នុងចំណោមពួកគេក្រោយមកបានបាត់បង់ជីវិត។
ឧបទ្ទវហេតុនេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ខណៈកម្មករបានធ្វើការយកកំទេចកំទីបេតុងចេញពីផ្លូវល្បឿនលឿន។ មន្ត្រីផ្លូវល្បឿនលឿនថៃ បានធ្វើការបិទគន្លងផ្លូវល្បឿនលឿននោះ ដោយសារខ្លាចស្ពានអាកាសនោះមិនមានសុវត្ថិភាពអាចបង្កគ្រោះថ្នាក់ទៀត។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋានផ្លូវជាតិប្រទេសថៃ បានបិទស្ពានអាកាសចាស់នេះ តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ ដើម្បីធ្វើការជួសជុល ដោយសារតែមានការខូចខាត។ ស្ពានអាកាសនេះត្រូវបានរថយន្តធំៗតែងតែបើកបរធ្វើដំណើរ។ ផ្ទៃរបស់ស្ពានអាកាសនោះ មានសភាពសឹករិចរិលរហូតដល់ថ្នាក់ឃើញគ្រោងដែករបស់ស្ពាន ហើយគម្រោងជួសជុលស្ពានអាកាសនេះដែរ ត្រូវបានកំណត់នឹងបញ្ចប់នៅចុងខែនេះផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






