អន្តរជាតិ

អតីត​ប្រធានាធិបតី​ហ្វីលីពីនលោក Fidel Ramos បានទទួល​មរណភាព​នៅ​ក្នុងវ័យ ៩៤ឆ្នាំ

BY
autoadmin
August 1, 2022

អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos ដែលជាតួអង្គសំខាន់នៅក្នុងការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យឆ្នាំ១៩៨៦ បានទទួលមរណភាពក្នុងអាយុ ៩៤ឆ្នាំ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ការិយាល័យប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន បានប្រកាសពីមរណភាពរបស់គាត់នៅថ្ងៃដដែលនោះ ហើយប្រធានាធិបតីលោក Ferdinand Marcos Jr. ក៏បានផ្ញើការរំលែកទុក្ខដល់គ្រួសារលោក Ramos នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ គួរឱ្យដឹងដែរថា លោក Ramos គឺជាមន្ត្រីយោធាជាន់ខ្ពស់មួយ នៅក្នុងរបបផ្តាច់ការរបស់អតីតប្រធានាធិបតី Ferdinand Marcos ដែលជាឪពុករបស់មេដឹកនាំហ្វីលីពីនបច្ចុប្បន្ន។

ប៉ុន្តែនៅក្នុងជំនាន់នោះ លោក Ramos បានគាំទ្រលោកស្រី Corazon Aquino ដែលជាឥស្សរជននៅក្នុងចលនាអំណាចប្រជាជនឆ្នាំ១៩៨៦ ខណៈការផ្លាស់ប្តូរជំហរគាំទ្ររបស់គាត់បានជំរុញឱ្យមានការដួលរលំនៃរដ្ឋាភិបាល Marcos ។ បន្ទាប់ពីលោកស្រី Aquino ឡើងកាន់តំណែងជាប្រធានាធិបតី លោក Ramos ក៏បានកាន់តំណែងសំខាន់ៗក្នុងរដ្ឋាភិបាល រួមទាំងរដ្ឋមន្ត្រីការពារជាតិផងដែរ។ គាត់បានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយមន្ត្រីយោធាមួយចំនួន ដែលរួមចំណែកដល់ស្ថិរភាពរដ្ឋបាលលោកស្រី Aquino ។

លោក Ramos បានឡើងកាន់តំណែងជាប្រធានាធិបតីក្នុងឆ្នាំ១៩៩២ ហើយបានប្តេជ្ញាចិត្តក្នុងការកសាងសេដ្ឋកិច្ចហ្វីលីពីនឡើងវិញ ហើយគាត់ត្រូវបានគេទទួលស្គាល់ថា បានដាក់ប្រទេសនៅលើផ្លូវត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ច។ លោក Ramos បានចាកចេញពីតំណែងក្នុងឆ្នាំ១៩៩៨ ប៉ុន្តែបានរក្សានូវឥទ្ធិពលនយោបាយរបស់គាត់ ដែលគាំទ្រដោយការជឿទុកចិត្តពីសាធារណៈជន៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: