ប្រធានសភាអាមេរិក បង្ហាញប្រទេសគោលដៅ ដែលត្រូវធ្វើទស្សនកិច្ចនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែមិនមានតៃវ៉ាន់នោះទេ
- BY
- autoadmin
- August 1, 2022
យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ទីស្នាក់ការអ្នកនាំពាក្យសភាតំណាងរាស្រ្តអាមេរិក Nancy Perrosi បានបង្ហាញនៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដាថា លោកស្រី Perosi បានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករួចហើយជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ដោយមិនបាននិយាយអំពីដំណើរទៅកាន់កោះតៃវ៉ាន់ ដែលអាចបង្កជាបញ្ហាជាមួយចិនឡើយ។ ចំណែកអ្នកស្រី Perozy បានសរសេរនៅលើ Twitter ថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចំនួន៦រូបមកពីសភា ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវការសន្យាដែលមិនអាចរង្គោះរង្គើបានឡើយចំពោះសម្ព័ន្ធមិត្ត និងមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ដំណើរទៅកាន់អាស៊ីរបស់លោកស្រី Perosi កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា លោកស្រីនឹងទៅលេងកោះតៃវ៉ាន់ផងដែរ។ ខណៈដែលដំបូងឡើយលោកស្រី Perosi គ្រោងនឹងទៅលេងកោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបែរជាត្រូវបានពន្យារពេល ដោយសារការឆ្លង COVID-19។ ក្រៅពីនោះប្រធានសភាសហរដ្ឋអាមេរិក ទើបតែនិយាយកាលពីដើមខែកន្លងមកថា វាជារឿងដែលមានសារៈសំខាន់ណាស់ ចំពោះសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់។ ចំពោះពាក្យចចាមអារ៉ាមបែបនេះបានធ្វើឱ្យប្រទេសចិន ដែលពួកគេមើលឃើញតៃវ៉ាន់ជាទឹកដីដាច់ដោយឡែកសម្រាប់ពួកគេនឹងត្រូវបានត្រឡប់មកជួបជុំគ្នាវិញនៅថ្ងៃណាមួយ បានព្រមានថា៖ សហរដ្ឋអាមេរិកនឹងប្រឈមនឹងលទ្ធផលធ្ងន់ធ្ងរ ប្រសិនបើលោកស្រី Perosi ពិតជាបានទៅលេងកោះតៃវ៉ាន់មែន។
យ៉ាងណាមិញមកទល់ពេលនេះមិនមានការបញ្ជាក់ច្បាស់លាស់នោះទេថា តើដំណើរទស្សនកិច្ចទៅតៃវ៉ាន់ពិតជានឹងកើតឡើងឬក៏យ៉ាងណា? ខណៈដែលប្រធានាធិបតី Joe Biden ធ្លាប់បាននិយាយថា យោធាអាមេរិកជឿជាក់ថាដំណើរទស្សនកិច្ចរបស់លោកស្រី Perosi ទៅកាន់កោះតៃវ៉ាន់នៅពេលនេះ មិនមែនជាគំនិតដ៏ល្អនោះទេ ស្របចំពេលមានភាពតានតឹងរវាងអាមេរិក និងរុស្ស៊ីជុំវិញការឈ្លានពានរបស់ក្រុងម៉ូស្គូមកលើអ៊ុយក្រែន ដែលជំរុញអតិផរណាពិភពលោកខ្ពស់ ប៉ុន្តែប្រសិនបើលោកស្រី Perosi ពិតជាទៅតៃវ៉ាន់មែន លោកស្រីនឹងក្លាយជាប្រធានសភាដំបូងគេដែលបានទៅលេងកោះនេះក្នុងរយៈពេល ២៥ ឆ្នាំបន្ទាប់ពីលោក Newt Gingrich ក្នុងឆ្នាំ ១៩៩៧ ៕



អត្ថបទ៖ Bee
ប្រភព៖ bbc
- Share This Post:






