ជំងឺអេបូឡាផ្ទុះឡើងជាលើកទី២ក្នុងទីក្រុងដ៏ធំមួយ និងបានធ្វើឱ្យអង្គការសុខភាពពិភពលោកព្រួយបារម្មណ៍ព្រោះ…
ក្រសួងសុខាភិបាលបាននិយាយថា បើកុំតែមានក្រុមគ្រូពេទ្យបានចុះចាក់វ៉ាក់សាំងដល់ប្រជាជនជាង ៤១,០០០នាក់ទេ ម៉្លេះមកទល់ពេលនេះការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) នេះអាចនឹងកើតមានច្រើនជាង ១ម៉ឺនករណី។ ប្រធានមន្ទីរសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកលោក Peter Salama បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ STAT ក្នុងបទសម្ភាសន៍មួយនៅសប្ដាហ៍នេះថា អង្គការមានការព្រួយបារម្ភខ្លាំងណាស់ អំពីទំហំនៃថ្នាំវ៉ាក់សាំងនេះ ដោយសព្វថ្ងៃពួកគេមានវ៉ាក់សាំងតែ ៣០០,០០០ ប៉ុណ្ណោះ ហើយវាគឺមិនគ្រប់គ្រាន់សម្រាប់ការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធំជាលើកទី២នេះទេ ប្រសិនបើការរាលដាលនៅតែបន្ត។
ថ្មីៗនេះទីក្រុង Butembo នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដែលជាទីក្រុងដែលមានប្រជាជនប្រមាណ ១លាននាក់ បានលេចឡើងនូវជំងឺអេបូឡានេះ និងបានបង្កឱ្យមានភាពចលាចល ដោយសារជំងឺនេះកំពុងវាយលុកយ៉ាងខ្លាំងគ្រប់តំបន់ ហើយមានតំបន់ខ្លះគឺក្រុមសង្គ្រោះមិនអាចទៅដល់ទាន់ពេលនោះទេ។ ហើយដោយចំនួនវ៉ាក់សាំងជំងឺអេបូឡានេះមានកម្រិតផងនោះ បានធ្វើឱ្យមានការព្រួយបារម្មណ៍ដល់សុខភាព និងជីវិតប្រជាជននៅទីដាច់ស្រយាលទាំងនោះ។
យ៉ាងណាមិញអ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ក្រុមហ៊ុនផលិតថ្នាំពេទ្យ Merck បានកំពុងធ្វើការយ៉ាងសកម្មដើម្បីធានាថា ចំនួននៃថ្នាំបង្ការគឺមានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនេះ ប៉ុន្តែពួកគេនៅតែបារម្មណ៍ព្រោះថាការផ្ទុះឡើងវិញនេះគឺមិនទៀងទាត់នឹងអាចឱ្យពួកគេត្រៀមទុកមុនបានឡើយ។ គួរឱ្យដឹងផងដែរថា វីរុសអេបូឡាត្រូវបានរាលដាលតាមរយៈសារធាតុរាវពីរាងកាយមួយ ទៅកាន់មនុស្សមួយទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ thestate