ប្រធានាធិបតីថ្មីលោក Marcos Jr៖ ហ្វីលីពីននឹងមិនចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិសាជាថ្មីឡើយ
- BY
- autoadmin
- August 2, 2022
ប្រធានាធិបតីហ្វីលីពីនថ្មីលោក Ferdinand Marcos Jr. បាននិយាយថា ប្រទេសរបស់លោកមិនមានចេតនាក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានផែនការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន នៅក្នុងប្រទេសរបស់លោកនោះទេ។ លោក Marcos Jr. បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតកំពុងដំណើរការរួចហើយនៅក្នុងប្រទេសហ្វីលីពីន ហើយបានចោទសួរថា ហេតុអ្វីបានជាការស៊ើបអង្កេតរបស់ ICC ចាំបាច់ខ្លាំងម្ល៉េះ។

រំលឹកផងដែរថា អតីតប្រធានាធិបតីលោក Rodrigo Duterte បានដកប្រទេសហ្វីលីពីនចេញពី ICC នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីស្ថាប័ននេះបានបើកការស៊ើបអង្កេតបឋមមួយ ពាក់ព័ន្ធនឹងការបើកដៃឱ្យប៉ូលីសហ្វីលីពីន អាចធ្វើការបាញ់សម្លាប់ អ្នកសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅកំឡុងពេលចុះបង្រ្កាបគ្រឿងញៀន។ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ ក្រោយមកក៏បានអនុញ្ញាតឱ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិបន្ថែមទៀតនៅទីនោះ។
កំណត់ត្រារបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថា មនុស្សជាង ៦,២០០ នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការបង្រ្កាបរយៈពេល ៦ឆ្នាំ បើទោះបីជាចំនួនពិតប្រាកដត្រូវបានគេជឿថា មានខ្ពស់ជាងនេះក៏ដោយ។ ក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅហ្វីលីពីន ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក Marcos Jr. ដោយនិយាយថា «វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ» ដែលប្រធានាធិបតីថ្មីនឹងការពារលោក Duterte ប្រឆាំងនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពី ICC ៕

អត្ថបទ៖ លីដា
ប្រភព៖ The Standard
- Share This Post:






