អន្តរជាតិ

មន្ត្រីឆ្មាំគុកវៀតណាមម្នាក់ ចូលប្លន់ហាងមាស ហើយយកមាសមកបោះចោលនៅកណ្តាលផ្លូវ រួចស្រែកថា «ទុកឲ្យអ្នកក្រីក្រ» (មានវីដេអូ)

BY
autoadmin
August 2, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា បុរស​ម្នាក់ក្នុង​ឯកសណ្ឋានជា​ប៉ូលិស បានចូលទៅប្លន់ហាងមាសចំនួន ២កន្លែង នៅកណ្ដាលទីក្រុងរបស់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ហើយគាត់បានបោះគ្រឿងអលង្ការទាំងអស់នោះទៅលើផ្លូវ ហើយស្រែកថា «ទុកឱ្យអ្នកក្រីក្រដទៃ»។ ជនសង្ស័យត្រូវបានគេដឹងថា ជាប៉ូលីសយាមគុក និងបានកាន់កាំភ្លើង AK47 ចូលទៅប្លន់ហាងមាសនៅឯផ្សារ Dong Ba កំឡុងម៉ោង ១២ និង ៣០ នាទីថ្ងៃត្រង់។ ក្រោយពីគាត់បានប្លន់ហាងមាសទាំង ២ រួចហើយនោះ គាត់បានបោះវាទៅលើផ្លូវ ហើយបានស្រែកថា៖«មាសសម្រាប់អ្នកក្រីក្រ»។

ប៉ូលីសបាននិយាយថា ក្រោយបានបោះគ្រឿងអលង្ការទៅលើផ្លូវរួចហើយនោះ គាត់បានចាកចេញពីកន្លែងកើតហេតុ ដោយដើរតាមបណ្តោយផ្លូវ Tran Hung Dao ទល់មុខផ្សារ, ឆ្លងទៅសួន Trinh Cong Son ហើយបានទូរស័ព្ទទៅក្រុមគ្រួសាររបស់គាត់បន្ទាប់ពីនោះ។ ពេល​ជនសង្ស័យចេញផុតពី​ផ្សារ ក៏មាន​មនុស្ស​ជា​ច្រើន​បាន​ប្រញាប់​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ប្រមូល​គ្រឿងអលង្ការទាំងនោះ ហើយរហូតដល់​ម៉ោង ​២​រសៀល គាត់បានទម្លាក់កាំភ្លើងចុះ និងយល់ព្រមប្រគល់ខ្លួន។

លោក​វរសេនីយ៍ឯក Duong Van Thoan ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ខេត្ត​បាន​និយាយ​ថា​ ជនសង្ស័យមានឈ្មោះថា Ngo Van Quoc ជា​មន្ត្រី​ធ្វើការ​នៅ​ពន្ធនាគារ​ក្នុងខេត្ត Thua Thien-Hue ។ លោក Thoan បាន​និយាយ​ថា ប៉ូលិស​កំពុង​ជំរុញ​អ្នក​ដែល​បាន​ប្រមូលគ្រឿងអលង្ការទាំងនោះ គួរប្រគល់វាឱ្យមកខាងប៉ូលីសវិញ​ ហើយក៏បានបើកការស៊ើបអង្កេតរួចហើយដែរ ខណៈក្រុមមន្ត្រី​កំពុង​ស្រង់​រូបភាព​សន្តិសុខ​ពី​ផ្សារ និង​ផ្លូវ Tran Hung Dao ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែលរើសបាន៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: