រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដាក់ចេញគោលដៅទេសចរណ៍ចំនួន ៦តំបន់
រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីដឹកនាំ សម្របសម្រួល និងត្រួតពិនិត្យការអភិវឌ្ឍគោលដៅទេសចរណ៍ខេត្តសៀមរាប ដោយអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យមានប្រសិទ្ធភាពសំដៅ បង្កើនភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាព។

តាមអនុក្រឹត្យនេះ ការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍នៅតាមតំបន់ទេសចរណ៍អាទិភាពត្រូវមានអង្គភាពគ្រប់គ្រង គោលដៅទេសចរណ៍ដោយឡែក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ គ. អ. ទ. ស.។
អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក ត្រូវបានបង្កើតឡើងតាមតំបន់ចំនួន៦ ដូចខាងក្រោម៖
១៖ តំបន់ឧទ្យានជាតិភ្នំគូលែន
២៖ តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
៣៖ តំបន់បេតិកភណ្ឌអង្គរ
៤៖ តំបន់ក្រុងសៀមរាប
៥៖ តំបន់បឹងទន្លេសាប
៦៖ តំបន់ទេសចរណ៍សៀមរាបថ្មី។
ការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពគ្រប់គ្រងគោលដៅដោយឡែក ត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់ប្រធាន គ.អ.ទ.ស។ សមាសភាពជាក់ស្ដែងនៃអង្គភាពគ្រប់គ្រងគោដៅទេសចរណ៍ដោយឡែក ត្រូវសម្រេចដោយសេចក្ដីសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ ចំពោះ អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍តំបន់បេតិកភណ្ឌអង្គរ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរជាតិអប្សរា ៕
សូមអានសេចក្ដីប្រកាសលម្អិតរបស់ រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖







