ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងទទួលទានអាហារថ្ងៃត្រង់ជុំគ្នា បន្ទាប់ពីបានជួបគ្នានៅក្នុងទីក្រុងតៃប៉ិ
- BY
- autoadmin
- August 3, 2022
ប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi កំពុងជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅក្នុងទីក្រុងតៃប៉ិ ហើយអ្នកទាំង ២ ក៏គ្រោងទទួលទានអាហារថ្ងៃត្រង់រួមគ្នាផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតទៅកាន់កោះតៃវ៉ាន់របស់មន្ត្រីអាមេរិក នៅក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ខណៈវាបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។ លោកស្រី Pelosi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិភាក្សានេះ «នឹងផ្តោតលើការបញ្ជាក់ឡើងវិញនូវការគាំទ្រ និងការលើកកម្ពស់ផលប្រយោជន៍រួម»។

លោកស្រី Pelosi កំពុងធ្វើដំណើរទេសចរណ៍អាស៊ី ដែលរួមមានដំណើរទស្សនកិច្ចទៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន។ លោកស្រីបានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ សម្រាប់ការចុះចតដែលគេគ្រប់គ្នាគិតទុកជាមុន បើទោះជាគ្មានការប្រកាសជាផ្លូវការ ខណៈដែលមន្ត្រីចិនបានព្រមានប្រឆាំងដាច់ខាត នឹងដំណើរទស្សនកិច្ចមួយនេះ។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ បន្ទាប់ពីលោកស្រី Pelosi បានទៅដល់កោះតៃវ៉ាន់ ដោយបាននិយាយថា ដំណើរទស្សនកិច្ចនេះ «មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋាននយោបាយ» នៃទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ក្រសួងក៏និយាយផងដែរថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






