ប្រធានាធិបតីលោក ចូ បៃដិន នៅតែបន្តធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ដដែល
- BY
- autoadmin
- August 4, 2022
វេជ្ជបណ្ឌិតលោក Kevin O’Connor បាននិយាយនៅក្នុងលិខិតថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធថា ប្រធានាធិបតីលោក Joe Biden បន្តធ្វើតេស្តឃើញវិជ្ជមានជំងឺ COVID-19 ដូច្នេះគាត់នឹងនៅតែសម្រាកដាច់ដោយឡែកដដែល នេះបើតាមការចុះផ្សាយរបស់សារពត៌មាន CNN ។ បន្ទាប់ពីទទួលយកការប្រើថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់ការព្យាបាលរយៈពេល ៥ថ្ងៃ នៅពេលដែលគាត់បានតេស្ដវិជ្ជមានជាលើកដំបូង កាលពីថ្ងៃទី២១ ខែកក្កដា លោក Biden ក៏បានធ្វើតេស្តវិជ្ជមានសាជាថ្មីទៀតកាលពីថ្ងៃសៅរ៍ ហើយបានបន្តនៅដាច់ដោយឡែកដដែល។ ពោលគឺលោក Biden មិនបានចាកចេញពីសេតវិមាននោះទេ ក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ។

លោក O’Connor បានសរសេរនៅក្នុងកំណត់ហេតុមួយ ទៅកាន់លេខាធិការសារព័ត៌មានសេតវិមាន Karine Jean-Pierre ថា៖«ដោយសារភាពវិជ្ជមានសាឡើងវិញរបស់គាត់ ដែលយើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ យើងបានបន្តការត្រួតពិនិត្យប្រចាំថ្ងៃឱ្យគាត់។ នៅព្រឹកនេះ ការធ្វើតេស្តអង់ទីហ្សែនរបស់គាត់ បង្ហាញថាគាត់នៅតែវិជ្ជមាន»។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ វាគឺជាថ្ងៃទី ៥ នៃការនៅដាច់ដោយឡែកជាលើកទី២ របស់គាត់។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកដែលចេញរោគសញ្ញាឡើងវិញ ឬអ្នកដែលតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ត្រូវតែចាប់ផ្ដើមការនៅដាច់ដោយឡែកឡើងវិញ និងយ៉ាងហោចណាស់ឱ្យបាន ៥ ថ្ងៃ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






