ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត្រាអ្នកដំណើរក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ចុះដល់ទៅជាង ៥% ក្រោយពេលយន្តហោះបូអ៊ីង 737 MAX បានធ្លាក់កាលពីខែតុលា

    BY autoadmin December 11, 2018
    អត្រាអ្នកដំណើរក្រុមហ៊ុនអាកាសចរណ៍ Lion Air បានធ្លាក់ចុះដល់ទៅជាង ៥% ក្រោយពេលយន្តហោះបូអ៊ីង 737 MAX បានធ្លាក់កាលពីខែតុលា

    អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Lion Air លោក Edward Sirait បានប្រកាសថា ចំនួនអ្នកដំណើររបស់ខ្លួនបានធ្លាក់ចុះជាង 5% នៅក្នុងខែវិច្ឆិកានេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន បន្ទាប់ពីយន្ដហោះបូអ៊ីង 737 MAX របស់ខ្លួនបានធ្លាក់នៅចុងខែតុលា និងបានសម្លាប់អស់មនុស្ស១៨៩នាក់នៅលើយន្តហោះ។ លោកបានបន្តថា ក្រុមហ៊ុន Lion Air មិនបានយល់ច្បាស់ថាតើ «ការធ្លាក់យន្តហោះបូអ៊ីង 737 MAX» របស់ខ្លួនគឺជាមូលហេតុ ចំពោះការធ្លាក់ចុះនៃចរាចរណ៍នៅក្នុងខែវិច្ឆិកានេះទេ។ គួរឱ្យដឹងផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ ដែលធំជាងគេបំផុតរបស់ប្រទេសឥណ្ឌូណេស៊ីនេះ គឺជាកម្មសិទ្ធិឯកជន ហើយពួកគេនឹងមិនចេញផ្សាយជាសាធារណៈនូវស្ថិតិចរាចរណ៍ ឬលទ្ធផលហិរញ្ញវត្ថុឱ្យដឹងឡើយ។

    យ៉ាងណាមិញលោក Edward Sirait បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Lion Air កំពុងពិចារណាលុបចោលការបញ្ជាទិញយន្ដហោះ 737 MAX ពីក្រុមហ៊ុនផលិតយន្តហោះ Boeing ហើយទំនាក់ទំនងរវាងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុន Boeing នេះកាន់តែអាក្រក់ឡើងៗ ដោយសារតែការចោទគ្នាលើការទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air នេះមានយន្តហោះ Boeing ១៩០គ្រឿង ដែលមានតម្លៃ ២២ពាន់លានដុល្លារកំពុងរង់ចាំការដឹកជញ្ជូន។

    អត្ថបទ៖ លីដា
    ប្រភព៖ thestar

    Share This Post: