អន្តរជាតិ

ប្រធានសភាលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកោះតៃវ៉ាន់តាមផ្លូវវាង ដើម្បីជៀសមិនឆ្លងកាត់សមុទ្រចិនខាងត្បូង

BY
autoadmin
August 4, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ប្រធានសភាលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកោះតៃវ៉ាន់តាមផ្លូវវាង ជៀសវាងមិនឱ្យមានការឆ្លងកាត់សមុទ្រចិនខាងត្បូងនោះឡើយ ដើម្បីជៀសវាងជម្លោះយោធាដែលអាចកើតមានជាមួយប្រទេសចិន។ តាមការដកស្រង់ទិន្នន័យពីគេហទំព័រតាមដានការហោះហើរពាណិជ្ជកម្មបានឱ្យដឹងថា យន្តហោះរបស់លោកស្រី Pelosi បានចាកចេញពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ហើយហោះក្នុងទិសដៅដែលចៀសឆ្ងាយពីសមុទ្រចិនខាងត្បូង បន្ទាប់មកបានបត់ទៅភាគខាងជើង ដើម្បីហោះហើរតាមបណ្តោយភាគខាងកើតនៃប្រទេសហ្វីលីពីន មុនពេលចុះចតនៅទីក្រុងតៃប៉ិ។

ការធ្វើដំណើរតាមផ្លូវវាង បានធ្វើឱ្យមានការយឺត​យ៉ាវជាងផ្លូវត្រង់ធម្មតាចំនួន ៣ម៉ោង បើធៀបទៅនឹងការហោះហើររបស់យន្តហោះពាណិជ្ជកម្មដែលឆ្លងកាត់សមុទ្រចិនខាងត្បូង។ កាសែត New York Times បាននិយាយថា ការធ្វើដំណើរតាមផ្លូវវាងនេះ «បានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លទ្ធភាពនៃជម្លោះយោធារវាងសហរដ្ឋអាមេរិក និងចិន គឺពិតជាមិនអាចលេងសើចបាន នៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានកសាងវត្តមានយោធារបស់ខ្លួន ជាមួយនឹងមូលដ្ឋានយោធានៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។ រំលឹកផងដែរថា លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ហើយគាត់ក៏បានចាកចេញពីកោះនេះរួចហើយដែរ ក្រោយមកដល់មិនបាន ២៤ ម៉ោងផងនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: