លោកស្រី Nancy Pelosi បានទៅដល់កូរ៉េខាងត្បូង និងប្ដេជ្ញាជំរុញការបំបាត់នុយក្លេអ៊ែរនៅកូរ៉េខាងជើង ខណៈក៏គ្រោងនឹងទៅទស្សនាព្រំដែនអន្តរកូរ៉េ
- BY
- autoadmin
- August 4, 2022
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ នេះបានប្តេជ្ញារួមគ្នាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីរារាំង និងសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចេញបន្ទាប់ពីលោកស្រី Pelosi បានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo នៅទីក្រុងសេអ៊ូល ដែលក្នុងនោះពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍បាននិយាយថា៖«ភាគីទាំង ២ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពធ្ងន់ធ្ងរនៃការគំរាមកំហែង ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង»។ ដោយបន្ថែមថា៖«យើងបានយល់ព្រមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំង ២ ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងសន្តិភាពជាក់ស្តែង តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសន្ទនាការទូត ដោយផ្អែកលើការរារាំងដ៏ខ្លាំងក្លា និងយូរអង្វែងប្រឆាំងនឹងកូរ៉េខាងជើង»។ លោកស្រី Pelosi ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកស្រី និងលោក Kim បានពិភាក្សាគ្នាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខក្នុងតំបន់ និងបញ្ហាសេដ្ឋកិច្ច និងអាកាសធាតុ។
ជម្រាបដែរថា លោកស្រី Pelosi បានទៅដល់កូរ៉េខាងត្បូងកាលពីល្ងាចថ្ងៃពុធ បន្ទាប់ពីចុះចតនៅកោះតៃវ៉ាន់ ហើយបានជួបមន្ត្រីស្ថានទូតអាមេរិកនៅទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ មុននឹងជួបពិភាក្សាជាមួយលោក Kim និងសមាជិកសភាផ្សេងទៀត។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា នៅថ្ងៃព្រហស្បត្តិ៍នេះ លោកស្រី Pelosi ក៏គ្រោងនឹងទៅទស្សនាតំបន់សន្តិសុខរួមនៅជិតព្រំដែនអន្តរកូរ៉េ ដែលមានការល្បាតរួមគ្នា ដោយបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក និងកូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






