ប្រទេសចិនបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេល ៤ថ្ងៃ ជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យនេះ
- BY
- autoadmin
- August 8, 2022
ប្រទេសចិនបានបញ្ចប់ការធ្វើសមយុទ្ធយោធារយៈពេល ៤ថ្ងៃ ជុំវិញកោះតៃវ៉ាន់ ហើយបានស្នើថា ពួកគេមានគោលបំណងពិនិត្យមើលពីរបៀបផ្លាស់ទី ប្រសិនបើខ្លួនសម្រេចចិត្តបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយប្រើប្រាស់យោធា។ យោធាចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនសមុទ្រ និងដែនអាកាសចំនួន ៦ទីតាំង ដែលឡោមព័ទ្ធកោះតៃវ៉ាន់ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។ ទង្វើនេះ គឺជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នៅតៃវ៉ាន់។ បញ្ជាការនៅសមុទ្រចិនខាងកើត ក៏បានបញ្ចេញវីដេអូដែលបង្ហាញពីយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក មកពីសមយុទ្ធប្រយុទ្ធកាលពីថ្ងៃអាទិត្យ ដែលវាគឺផ្តោតលើការវាយប្រហារនៅលើដី និងការធ្វើតេស្តសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយនៅលើអាកាស។

លោក Meng Xiangqing សាស្ត្រាចារ្យនៅសាកលវិទ្យាល័យការពារជាតិបានប្រាប់ទូរទស្សន៍រដ្ឋចិនថា សមយុទ្ធនេះត្រូវបានធ្វើឡើងនៅកៀកនឹងកោះតៃវ៉ាន់ ដែលមិនធ្លាប់មានពីមុននោះឡើយ។ លោកបាននិយាយថា យោធាចិនបានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនក្នុងការឡោមព័ទ្ធតៃវ៉ាន់ និងរារាំងកងកម្លាំងបរទេសមិនឱ្យចូលក្នុងតំបន់នោះបានឡើយ។ លោកបាននិយាយថា សមយុទ្ធនេះបានបង្កើតលក្ខខណ្ឌល្អ និងអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ សម្រាប់ការបង្រួបបង្រួមរបស់ចិនជាមួយតៃវ៉ាន់។ យន្តហោះ និងកប៉ាល់មួយចំនួនក្នុងសមយុទ្ធ បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលជាការរារាំងមិនផ្លូវការ ដើម្បីជួយការពារការប៉ះទង្គិចដោយចៃដន្យរវាងកងកម្លាំងចិន និងតៃវ៉ាន់។ ថ្មីៗនេះ អាជ្ញាធរចិនបានចាប់ផ្តើមអះអាងថា ពួកគេមិនទទួលស្គាល់ខ្សែបន្ទាត់នេះទេ ខណៈពួកគេកំពុងបង្កើនសម្ពាធលើតៃវ៉ាន់៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






