ប្រធានាធិបតីលោក ចូ បៃដិន បានចាកចេញពីសេតវិមានទៅរដ្ឋ Delaware បន្ទាប់ពីបានតេស្ដអវិជ្ជមានជាមួយជំងឺកូវីដ១៩
- BY
- autoadmin
- August 8, 2022
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាកចេញពីសេតវិមានជាលើកដំបូងក្នុងរយៈពេល ១៨ថ្ងៃ បន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជមានចំពោះជំងឺ COVID-19 ក្នុងរយៈពេល ២ ថ្ងៃជាប់គ្នា។ លោក បៃដិន បានធ្វើដំណើរទៅផ្ទះវិស្សមកាលរបស់គាត់នៅរដ្ឋ Delaware កាលពីថ្ងៃអាទិត្យ ហើយមុនពេលចេញដំណើរ គាត់បានប្រាប់អ្នកយកព័ត៌មានថា គាត់មានអារម្មណ៍អស្ចារ្យ។ វេជ្ជបណ្ឌិតរបស់គាត់បាននិយាយថា ការធ្វើតេស្តអង់ទីហ្សែនរបស់ប្រធានាធិបតី ត្រឡប់មកជាអវិជ្ជមានវិញក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នានៅព្រឹកថ្ងៃអាទិត្យនេះ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា លោកប្រធានាធិបតី «នឹងត្រឡប់ទៅបម្រើការចូលរួមជាសាធារណៈ និងការធ្វើដំណើរក្នុងនាមជាប្រធានាធិបតីវិញ»។ ជម្រាបដែរថា លោក បៃដិន បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ជាលើកដំបូងនៅថ្ងៃទី២១ ខែកក្កដា បន្ទាប់មកបានធ្វើតេស្តអវិជ្ជមាន នៅថ្ងៃទី២៦ និង២៧ ខែកក្កដា។ ប៉ុន្តែគាត់ត្រឡប់ទៅជាវិជ្ជមានឡើងវិញ នៅថ្ងៃទី៣០ ខែកក្កដា ដែលនាំឱ្យគាត់បន្ដនៅដាច់ដោយឡែកនៅក្នុងសេតវិមាន។ នៅថ្ងៃច័ន្ទ លោក បៃដិន គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋ Kentucky ជាកន្លែងដែលទឹកជំនន់ដ៏ធំដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ និងបង្កការខូចខាតយ៉ាងខ្លាំងនៅទូទាំងតំបន់៕

អត្ថបទ៖ លីដា
ប្រភព៖ NBC News
- Share This Post:






