ព្រឹទ្ធសភាអាមេរិកអនុម័តវិក័យប័ត្រតម្លៃ ៤៣០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព
- BY
- autoadmin
- August 8, 2022
ព្រឹទ្ធសភាអាមេរិកបានអនុម័តលើវិក័យប័ត្រតម្លៃ ៤៣០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការចំណាយលើការថែទាំសុខភាព។ ច្បាប់នេះអំពាវនាវឱ្យមានការចំណាយ ដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងវិធានការផ្សេងទៀត ខណៈនឹងដំឡើងពន្ធលើអាជីវកម្មធំៗ ដើម្បីផ្តល់មូលនិធិដល់គ្រោងការនេះ។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទទួលបានលទ្ធផល ៥០ ទល់ ៥០ ប៉ុន្ដែអនុប្រធានាធិបតីលោកស្រី Kamala Harris ដែលបម្រើការជាប្រធានព្រឹទ្ធសភា បានចូលរួមបោះឆ្នោតឱ្យបានលទ្ធផល ៥១ ទល់ ៥០។

ការអនុម័តវិក័យប័ត្រនេះ គឺជាជ័យជម្នះសម្រាប់ប្រធានាធិបតីលោក ចូ បៃដិន ទោះបីជាផែនការចំណាយរបស់គាត់នេះ ត្រូវបានកាត់បន្ថយពី ១.៧៥ ទ្រីលានដុល្លារក៏ដោយ។ វិក័យប័ត្រដើមរបស់លោក បៃដិន រួមបញ្ចូលការកាត់ថ្លៃសិក្សាបន្ថែម លើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ វិក័យប័ត្រនេះ បានជាប់គាំងជាយូរមកហើយនៅក្នុងសភា ដោយសារតែការផ្ទុយគំនិតគ្នាក្នុងចំណោមគណបក្សប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់គាត់។
ដូច្នេះលោក បៃដិន កាត់បន្ថយការចំណាយលើច្បាប់នេះ ដើម្បីទទួលបានការឯកភាពគ្នាក្នុងចំណោមគណបក្សប្រជាធិបតេយ្យ។ កំណែចុងក្រោយនៃវិក័យប័ត្រនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តផងដែរដោយសភាតំណាង ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យក្នុងពេលឆាប់ៗនេះ និងចុះហត្ថលេខាដោយលោក បៃដិន ដើម្បីធ្វើវាឱ្យទៅជាច្បាប់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






