អ្នកជំនាញខាងមេរោគរបស់ថៃព្រមានថា អ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩ មិនមែនមានន័យថា ពួកគេឈប់ឆ្លងជំងឺនេះតទៀតទេ
- BY
- autoadmin
- August 8, 2022
អ្នកជំនាញខាងមេរោគរបស់ថៃបានព្រមានមនុស្សថា អ្នកធ្លាប់ឆ្លងជំងឺ COVID-19 មិនមែនមានន័យថា ពួកគេនឹងមិនឆ្លងវាម្តងទៀតនោះទេ។ នៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃអាទិត្យ លោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា មនុស្សភាគច្រើនមានហានិភ័យក្នុងការឆ្លងជំងឺ COVID-19 ឡើងវិញក្នុងរយៈពេល ៣ខែ បន្ទាប់ពីការជាសះស្បើយ ហើយក៏មានអតីតអ្នកជំងឺមួយចំនួនបានឆ្លងវាឡើងវិញ បន្ទាប់ពីរយៈពេលត្រឹមតែ ២ ខែប៉ុណ្ណោះ។ ការអះអាងនេះ គឺយោងទៅតាមការសិក្សារបស់មជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃសាកលវិទ្យាល័យ Chulalongkorn លើមនុស្ស ៤០ នាក់ ដែលបានឆ្លងជាលើកទី២។ វាសិក្សាលើអ្នកជំងឺដែលមានរោគសញ្ញាស្រាល (ភាគច្រើន) ក៏ដូចជាអ្នកដែលមានរោគសញ្ញាធ្ងន់ធ្ងរ (ភាគតិច)។

អ្នកជំងឺដែលបានទទួលយកវេជ្ជបញ្ជាថ្នាំ Favipiravir ក្នុងអំឡុងពេលឆ្លងដំបូងៗរបស់ពួកគេ បានទទួលការព្យាបាលតាមរោគសញ្ញានៅពេលពួកគេឆ្លងជាលើកទី២ ប៉ុន្តែគ្មានអ្នកជំងឺណាមានរោគសញ្ញាធ្ងន់ធ្ងរ ឬរលាកសួត ឬកម្រិតអុកស៊ីហ្សែនទាបជាងធម្មតានោះទេ។ លោកវេជ្ជបណ្ឌិត Yong បាននិយាយថា ភាពស៊ាំដែលបានមកពីការចាក់វ៉ាក់សាំង និងការឆ្លងពីមុន បានធ្វើឱ្យរោគសញ្ញាមានសភាពស្រាល។ គាត់បាននិយាយថា មនុស្សជាច្រើនបានទទួលថ្នាំបង្ការបន្ទាប់ពីការឆ្លងលើកដំបូងរបស់ពួកគេ ហើយនេះក៏បានកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងលើកទី២ ផងដែរ។
លោកបាននិយាយថា ជំងឺ COVID-19 គឺដូចជាជំងឺផ្លូវដង្ហើមផ្សេងទៀត ដែលអ្នកជំងឺអាចឆ្លងម្តងទៀតបានបន្ទាប់ពី ៣ខែ ដូច្នេះពួកគេគួរតែទទួលយកដូសជំរុញនៅពេលសមស្របណាមួយ។ គាត់ក៏បានណែនាំដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ឱ្យទៅចាក់ថ្នាំបង្ការរោគក្នុងរយៈពេល ៣ ខែបន្ទាប់ពីការឆ្លង ហើយអ្នកដែលបានទទួលការចាក់ថ្នាំបង្ការរោគ ២ ដង ឬច្រើនជាងនេះ គួរតែចាក់ដូសជំរុញជាថ្មី ៦ខែ បន្ទាប់ពីឆ្លងមេរោគ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






