អន្តរជាតិ

កោះតៃវ៉ាន់​នឹង​ធ្វើ​សមយុទ្ធ​ប្រឆាំង​ការ​ឈ្លានពាន​ពីសត្រូវ បន្ទាប់​ពី​យោធាចិនបានបើកសមយុទ្ធ​ព័ទ្ធជុំវិញកោះនាពេលថ្មីៗនេះ

BY
autoadmin
August 8, 2022

កោះតៃវ៉ាន់នឹងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសប្តាហ៍នេះ ដែលទំនងជាការហាត់សមប្រឆាំងនឹងការឈ្លានពានរបស់ចិន ខណៈទីក្រុងប៉េកាំងក៏កំពុងធ្វើសមយុទ្ធថ្មីៗបន្ថែមទៀត។ តៃវ៉ាន់តែងរស់នៅក្រោមការគំរាមកំហែងពីសំណាក់ប្រទេសចិន ដែលមើលឃើញថា វាជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ហើយចិននឹងទាមទារយកមកវិញនៅថ្ងៃណាមួយឱ្យបាន ដោយការប្រើប្រាស់យោធាប្រសិនបើចាំបាច់។ កងទ័ពកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងរបស់ខ្លួននឹងធ្វើសមយុទ្ធប្រឆាំងនឹងការចុះចត នៅឯតំបន់ភាគខាងត្បូងបំផុតនៃទីក្រុង Pingtung នៅថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

លោក Lou Woei-jye អ្នក​នាំ​ពាក្យ​កង​ទ័ព​ទី៨ បាន​ប្រាប់ AFP ថា៖ «យើង​នឹង​អនុវត្ត​ចលនា​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​សត្រូវ ​ដែល​​ធ្វើ​មក​លើ​កោះ​តៃវ៉ាន់»។ ការ​ធ្វើ​សមយុទ្ធនេះនឹងរួមបញ្ចូលការដាក់ពង្រាយកងទ័ពរាប់រយនាក់ និងកាំភ្លើងខ្លីប្រហែល ៤០ ដើម។ យ៉ាងណាលោក Lou បាន​និយាយ​ថា សមយុទ្ធ​របស់​តៃវ៉ាន់​ត្រូវ​បាន​កំណត់​ពេល​រួច​ស្រាប់ហើយ ហើយ​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​សមយុទ្ធ​របស់​ចិន​នោះទេ។ ជម្រាបដែរថា កោះនេះតែងតែធ្វើសមយុទ្ធយោធាការពារខ្លួនពីការឈ្លានពានរបស់ចិន ហើយកាលពីខែមុន ខ្លួនក៏បានអនុវត្តការវាយប្រហារពីសមុទ្រ នៅក្នុងប្រតិបត្តិការស្ទាក់ចាប់រួមគ្នា ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: