មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រុស្ស៊ីបានខាតបង់ធនធានមនុស្សប្រមាណ ៨ ម៉ឺននាក់ នៅក្នុងការឈ្លានពានលើអ៊ុយក្រែន
- BY
- autoadmin
- August 10, 2022
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានលើកឡើងថា រុស្ស៊ីបានឃើញចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីខ្លួនបានឈ្លានពានលើប្រទេសអ៊ុយក្រែន រាប់ចាប់ពីខែកុម្ភៈ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយលោក Colin Kahl បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ជនជាតិរុស្សីប្រហែលជាបានស្លាប់ពី ៧០,០០០ ឬ ៨០,០០០ នាក់ ក្នុងរយៈពេលតិចជាងប្រាំមួយខែមកនេះ។ លោកបានពណ៌នាអំពីចំនួននេះថា «វាគួរឱ្យកត់សម្គាល់ខ្លាំងណាស់ នៅពេលដែលរុស្ស៊ីមិនបានសម្រេចនូវគោលបំណងណាមួយរបស់ វ្ល៉ាឌីមៀ ពូទីន នៅក្នុងសង្រ្គាមនេះទេ»។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលនៅតំបន់ភាគខាងកើតនៃទីក្រុង Kharkov និងតំបន់ភាគខាងត្បូងនៃ Kherson និង Mykolaiv ដោយបានសម្លាប់ទាហានអ៊ុយក្រែន និងបានបំផ្លាញរថពាសដែក ក៏ដូចជាគោលដៅផ្សេងៗទៀត។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិអង់គ្លេសបានកត់សម្គាល់ថា កងកម្លាំងរុស្ស៊ីបានរីកចម្រើនតិចតួចនាពេលថ្មីៗនេះ នៅភាគខាងកើតអ៊ុយក្រែន។ ជាក់ស្ដែងកាលពីថ្ងៃអង្គារ នៅក្នុងព័ត៌មានសម្ងាត់មួយបាននិយាយថា រយៈពេល ៣០ថ្ងៃ ចុងក្រោយនេះ កងកម្លាំងរុស្ស៊ីបានរំកិលខ្លួនបាន ១០ គីឡូម៉ែត្រ ចូលទៅតំបន់ Donbas ខណៈអាចចូលបានតែ ៣ គីឡូម៉ែត្រប៉ុណ្ណោះសម្រាប់តំបន់ដទៃ។ ក្រុមអ្នកវិភាគបានកត់សម្គាល់ថា៖ «រុស្ស៊ីទំនងជាបន្លាចលេងលើការភ័យខ្លាចរបស់លោកខាងលិច ពាក់ព័ន្ធនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ និងធ្វើឱ្យខូចឆន្ទៈរបស់លោកខាងលិចក្នុងការផ្តល់ជំនួយផ្នែកយោធាបន្ថែមដល់អ៊ុយក្រែន»៕

អត្ថបទ៖ លីដា
ប្រភព៖ Military
- Share This Post:






