អន្តរជាតិ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសពីភាពជោគជ័យលើការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

BY
autoadmin
August 11, 2022

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានយកឈ្នះនៅក្នុងការប្រយុទ្ធរបស់ខ្លួន ដើម្បីទប់ទល់នឹងជំងឺឆ្លង COVID-19 ។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចបានរាយការណ៍ថា លោក គីម បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំស្តីពីវិធានការប្រឆាំងការឆ្លង ដែលធ្វើឡើងនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ខណៈប្រទេសនេះមិនឃើញមានការឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងរយៈពេល ១២ ថ្ងៃជាប់ៗគ្នាមកហើយ។ លោក គីម បាននិយាយថា ប្រទេសកូរ៉េខាងជើងបានសម្រេចគោលដៅរបស់ខ្លួន នៅក្នុងការធ្វើឱ្យទឹកដីរបស់ខ្លួនគ្មានមេរោគឆ្លង។

រំលឹកដែរថា កូរ៉េ​ខាង​ជើង​បាន​រាយការណ៍​ករណី​ដំបូង​របស់​ខ្លួន​នៃជំងឺ COVID-19 ​នៅ​ខែ​ឧសភា ហើយតួលេខប្រចាំថ្ងៃនៃ «ករណីគ្រុនក្តៅ» បានកើនឡើងដល់ ៣៩០,០០០ ករណី ក្នុងអំឡុងពេលការឆ្លងមានកម្រិតខ្ពស់បំផុត។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​និយាយ​ថា ​ករណីថ្មីៗបានធ្លាក់ដល់សូន្យចាប់​តាំង​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា មកម្ល៉េះ។ លោក គីម ក៏បានបង្ហាញពីចេតនារបស់គាត់ក្នុងការបន្ធូរបន្ថយវិធានការកំចាត់មេរោគឆ្លង រួមទាំងការបិទខ្ទប់ផងដែរ។ លោក​ក៏​បាន​ប្រាប់​អង្គ​ប្រជុំ​ថា គ្មាន​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ត្រូវ​បានគេដាក់ឱ្យប្រើប្រាស់ក្នុង​ប្រទេស​នោះ​ទេ។

ការ​ប្រកាស​របស់​លោក គីម ទំនង​ជា​មាន​គោល​បំណង​សង្កត់​ធ្ងន់​លើ​សមិទ្ធផល​របស់​លោក ​មុន​ថ្ងៃ​ខួប​កំណើត​កូរ៉េ​ខាង​ជើង​នៅ​ខែ​ក្រោយ។ វាត្រូវបានគេជឿផងដែរថា គាត់ចង់ចាប់ផ្តើមពាណិជ្ជកម្មឡើងវិញក្នុងលក្ខណៈពេញលេញ ដើម្បីកសាងសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: