លោក Zelenskyy កំពុងស្នើវិក័យប័ត្រមួយទៅសភា ដើម្បីបន្ដច្បាប់អាជ្ញាសឹក និងការចល័តទ័ព
- BY
- autoadmin
- August 14, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ បានបញ្ជូនវិក័យប័ត្រមួយទៅសភា ដើម្បីស្វែងរកការបន្តច្បាប់អាជ្ញាសឹក និងរយៈពេលនៃការចល័តទ័ពទូទៅរហូតដល់ខែវិច្ឆិកា ដោយសារទាំង ២ នេះនឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហា។ ប្រសិនបើវិក័យប័ត្រត្រូវបានអនុម័ត មានន័យថាបុរសដែលមានអាយុពី១៨ ទៅ ៦០ឆ្នាំ នឹងត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសបន្ដទៀត។ លោក Zelenskyy បានបោះជំហានថ្មីនេះ នៅពេលដែលយោធាអ៊ុយក្រែនរៀបចំ សម្រាប់ការប្រយុទ្ធរយៈពេលវែងប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។

ចំណែកឯក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញឧបករណ៍បាញ់គ្រាប់រ៉ុក្កែត HIMARS ដែលផ្ដល់ដោយសហរដ្ឋអាមេរិក និងឃ្លាំងផ្ទុកគ្រាប់រំសេវ នៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ កងកម្លាំងអ៊ុយក្រែនក៏កំពុងបង្កើនការវាយប្រហារតបត ក្នុងការប៉ុនប៉ងដណ្តើមយកតំបន់ Kherson ភាគខាងត្បូងឡើងវិញ។ មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែនម្នាក់ តាមសេចក្តីរាយការណ៍បាននិយាយថា កងកម្លាំងរបស់ប្រទេសខ្លួន មានសមត្ថភាពវាយប្រហារស្ទើរតែគ្រប់ផ្លូវផ្គត់ផ្គង់របស់រុស្ស៊ីនៅភាគខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






