ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ

    BY autoadmin August 14, 2022
    វៀតណាមពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ

    រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអាទិត្យ ទី១៤ ខែសីហា នេះថា ប្រទេសវៀតណាមកំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃរហូតដល់ ៥៨.៧ ពាន់លានដុល្លារ។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅខែក្រោយនឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង ១,៥៤៥ គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តដ៏មានឥទ្ធិពលបំផុត របស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។

    ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន  ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។ រដ្ឋាភិបាលបាននិយាយថា ផ្នែកចំនួន ២ ដំបូងដែលមានប្រវែងសរុប ៦៦៥ គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន ២៤.៧២ ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ២០៤៥ ដល់ឆ្នាំ២០៥០៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: