សេដ្ឋីភាគហ៊ុនលោក Rakesh Jhunjhunwala ដែលគេហៅថាជា «Warren Buffett ឥណ្ឌា» បានទទួលមរណភាពក្នុងវ័យ ៦២ឆ្នាំ
- BY
- autoadmin
- August 15, 2022
តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អ្នកវិនិយោគិនភាគហ៊ុនលោក Rakesh Jhunjhunwala ដែលត្រូវបានគេដាក់ឈ្មោះថាជា «Warren Buffett របស់ប្រទេសឥណ្ឌា» ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៦ ពាន់លានដុល្លារ បានទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា ម្សិលមិញនេះ នៅក្នុងអាយុ ៦២ឆ្នាំ។ លោក Jhunjhunwala ដែលជាគណនេយ្យករម្នាក់មកពីរដ្ឋ Rajasthan បានចាប់ផ្តើមរកស៊ីភាគហ៊ុន នៅពេលកំពុងសិក្សានៅមហាវិទ្យាល័យ រហូតដល់អាចបន្តគ្រប់គ្រងក្រុមហ៊ុនជួញដូរភាគហ៊ុន RARE Enterprises ។

សមាជិកគ្រួសាររបស់គាត់ម្នាក់បាននិយាយថា៖«Rakesh-ji បានទទួលមរណភាព ដោយមានក្រុមគ្រួសារ និងជំនួយការជិតស្និទ្ធរបស់គាត់នៅជិតខ្លួនគាត់»។
ចំពោះដំណឹងដ៏ក្រៀមក្រំនេះ នាយករដ្ឋមន្ត្រី Narendra Modi បានសរសេរនៅលើ Twitter ថា៖«លោក Rakesh Jhunjhunwala គឺជាមនុស្សដែលមិនចុះចាញ់។ ជីវិតរបស់គាត់ពោរពេញដោយប្រាជ្ញា និងការយល់ដឹង គាត់បន្សល់ទុកនូវការចូលរួមចំណែក ដែលមិនអាចបំភ្លេចបានចំពោះពិភពហិរញ្ញវត្ថុ។ គាត់ក៏មានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់ប្រទេសឥណ្ឌា។ មរណភាពរបស់គាត់គឺគួរឱ្យសោកស្ដាយ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងអ្នកដែលគោរពស្រឡាញ់រូបគាត់»។ យ៉ាងណាក៏ដោយ មូលហេតុនៃការស្លាប់មិនត្រូវបានប្រកាសភ្លាមៗទេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






